អនុប្រធានទី២ រដ្ឋសភា ចុះពិនិត្យមើលការវិនិយោគលើកសិដ្ឋានដាំចេក សម្រាប់នាំចេញក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងបានសួរសុខទុក្ខកម្មករ និងបុគ្គលិក ដែលកំពុងបម្រើការងារ
ត្បូងឃ្មុំ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ទស្សនកិច្ចទៅកាន់កសិដ្ឋានចម្ការចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកអនុប្រធានទី២ រដ្ឋសភា បានគូសបញ្ជាក់ពីគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ក៏បានសង្កត់ធ្ងន់ផងដែរ ថា កសិដ្ឋានដាំចេក គឺជាឆ្នាំងបាយរួមរបស់កម្មករ បុគ្គលិកបច្ចេកទេស និងនិយោជក។
យោងតាមរបាយការណ៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំដុះចេកប្រមាណ ២០០ហិកតា ដោយមានកម្មករ-បុគ្គលិកបម្រើការងារចំនួន ៤៥០នាក់ លើផ្នែកថែទាំ និងវេចខ្ចប់ស្របតាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណប្រមាណ ២០ ទូកុងតឺន័រ ក្នុងមួយខែ (ស្មើនឹងប្រហែល ៣០.៨០០កេស ឬជាង ៤០០.០០គីឡូក្រាម)។
លោក វង សូត ក៏បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នូវសង្វាក់ផលិតកម្ម នៃការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ លោក វង សូត ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេស ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Jia Zhi Xin និងបានឧបត្ថម្ភថវិការលើកទឹកចិត្តមួយចំនួនផងដែរ ៕
អត្ថបទ៖ សុខ ផន