ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់កើនដល់ ២២នាក់ និងបាត់ខ្លួន ២០នាក់ ក្រោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរ វាយប្រហារបណ្ដាខេត្តភាគកណ្តាល និងភាគនិរតីប្រទេសចិន

image

ចិន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក បាននិងកំពុងវាយប្រហារបណ្ដាខេត្តនានានៅភាគកណ្តាល និងភាគនិរតីប្រទេសចិន ដោយបណ្ដាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ២២ នាក់ និង ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមតួលេខគិតត្រឹមថ្ងៃពុធ ស្របពេលដែលកងកម្លាំងចម្រុះរាប់រយនាក់ បានដាក់ពង្រាយកម្លាំងជាបន្ទាន់ ដើម្បីបើកយុទ្ធនាការសង្គ្រោះពលរដ្ឋដែលជាប់គាំង ។

នៅក្នុងខេត្តគួយចូវ (Guizhou) ទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះសម្បែង និងផលដំណាំជាច្រើនហិកតា ក្នុងនោះក្រុមសង្គ្រោះ បានប្រើប្រាស់ជណ្ដើរ និងអាវពោងដើម្បីចូលទៅជួយមនុស្សចាស់ជរាដែលពិបាកធ្វើដំណើរ២នាក់ ចេញពីជាន់លើនៃផ្ទះដែលរងនូវការលិចលង់ជាន់ខាងក្រោមទាំងស្រុង បានដោយសុវត្ថិភាពក្នុងរយៈពេលយ៉ាងខ្លីបំផុត ។

ដោយឡែក នៅក្នុងខេត្តហ៊ូប៉ី (Hubei) ជំនន់ទឹកភ្លៀង បានធ្វើឱ្យទន្លេបៃលូសួយ (Bailushui) ហក់ឡើងខ្លាំង រហូតកាត់ផ្ដាច់ផ្លូវថ្នល់ទាំងស្រុង ធ្វើឱ្យក្រុមសង្គ្រោះត្រូវបង្ខំចិត្តដើរដោយថ្មើរជើងអស់រយៈពេល ៣ ម៉ោង ទើបអាចចូលទៅដល់ភូមិដាច់ស្រយាលមួយ ដើម្បីជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងបន្តជួសជុលប្រព័ន្ធភ្លើងរដ្ឋឡើងវិញ ។

ដើម្បីទប់ទល់នឹងមហន្តរាយធម្មជាតិនេះ ក្រសួងធនធានទឹកចិន បានសម្រេចប្រកាសអាសន្នឆ្លើយតបកម្រិតទី៤ ភ្លាមៗទៅកាន់ខេត្តនិងតំបន់ស្វយ័តរងគ្រោះធ្ងន់ធ្ងរទាំង ៧ រួមមាន ខេត្តជាំងស៊ី, ហ៊ូប៉ី, ហ៊ូណាន, ក្វាងទុង, គួយចូវ, ហៃណាន និងតំបន់ស្វយ័តក្វាងស៊ី ដោយបញ្ជាឱ្យអាជ្ញាធរដែនដីពង្រឹងប្រព័ន្ធប្រកាសអាសន្នជាមុន និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.