លោក ពុទីន៖ ទំនាក់ទំនងអន្តររដ្ឋាភិបាលចិន-រុស្ស៊ី ឈរជើងយ៉ាងរឹងមាំក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងធំៗអស់រយៈពេល ៣០ ឆ្នាំមកហើយ
ចិន-រុស្ស៊ី៖ អំឡុងកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីចិន លី ឈៀង នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះយន្តការទំនាក់ទំនងអន្តររដ្ឋាភិបាលចិន-រុស្ស៊ី ដែលបានឈរជើងយ៉ាងរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងធំៗអស់រយៈពេល ៣០ ឆ្នាំមកហើយ ។
នៅក្នុងជំនួបខាងលើ មេដឹកនាំរុស្ស៊ីរូបនេះ បានបង្ហើបទិន្នន័យសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ី មានការហក់ឡើងរហូតដល់ ១០% នៅក្នុងឆ្នាំនេះ ខណៈដែលកត្តាជោគជ័យសំខាន់ គឺបានមកពីយុទ្ធសាស្ត្ររួមគ្នា ក្នុងការងាកមកប្រើប្រាស់លុយជាតិរៀងៗខ្លួន ក្នុងការទូទាត់ជំនួសឱ្យលុយដុល្លារអាម៉េរិក ។
ឆ្លើយតបនឹងការលើកឡើងនេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បានគូសបញ្ជាក់ពីជំហរច្បាស់ៗថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ និងភាពចលាចលយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពចិន-រុស្ស៊ី នៅតែមានស្ថិរភាពរឹងមាំ ដែលនេះជាខ្នងបង្អែកដ៏រឹងមាំក្នុងការរួមដៃគ្នាប្រឈមមុខ និងវាយបកទៅលើរាល់ការគំរាមកំហែងពីខាងក្រៅ ។
គួររំលឹកដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ពុទីន ទៅកាន់ប្រទេសចិនលើកនេះ គឺមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមហាសេដ្ឋីរុស្ស៊ីជាច្រើនរូប ដោយលោក ពុទីន ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង ព្រមទាំងបានឈានទៅដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរហូតដល់ទៅ ៤២ ច្បាប់ថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Xinhua