ជំនួយការវិមានក្រឹមឡាំង៖ រុស្ស៊ីនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន ៣ ផ្ដោតលើវិស័យអវកាស ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ
រុស្ស៊ី៖ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន នៅទីក្រុងប៉េកាំង ភាគីរុស្ស៊ី និងចិនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្រិតយុទ្ធសាស្ត្រថ្មីៗចំនួន ៣ ក្នុងពេលតែមួយ ដើម្បីពង្រីកឥទ្ធិពល និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅជាងមុន ។
បើតាមការបង្ហើបពីជំនួយការវិមានក្រឹមឡាំង កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ចាប់ដៃគ្នាផលិត និងបង្ហោះផ្កាយរណបទៅក្នុងអវកាស, បង្កើតមូលនិធិរួមគ្នាដើម្បីវិនិយោគជាមួយបណ្ដាប្រទេសក្នុងប្លុកអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) និងសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មចិន ដើម្បីស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ។
ដំណើរទស្សនកិច្ចផ្លូវការនៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦ នេះ ស្ដែងឱ្យឃើញពីទំនាក់ទំនងការទូតដ៏ស្អិតរមួតរវាងចិន-រុស្ស៊ី ដែលធ្លាប់បានខិតខំជំរុញនូវកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ តាំងពីដំណើរទស្សនកិច្ចឆ្នាំ២០២៤ និងការចូលរួមពិធីបុណ្យរំឭកខួប ៨០ ឆ្នាំនៃទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ កាលពីឆ្នាំមុនជាដើម ។
ក្រៅពីការចុះហត្ថលេខាលើឯកសារសំខាន់ៗទាំងនេះ លោក ពុទីន ក៏បានបើកកិច្ចចរចាកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រមទាំងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងគោលបំណងរឹតបន្តឹងបង្អែកសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រសកលរួមគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ VIORY | រូបភាព៖ Screenshot from RT's video/ (Maxim Shemetov/Reuters).