សង្គម

ជំនួបកំពូលសុខភាពអាស៊ី ២០២៦ បានបើកជាផ្លូវការនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា

image


ម៉ាឡេស៊ី៖ ព្រឹត្តិការណ៍ ជំនួបកំពូលសុខភាពអាស៊ី ២០២៦ (Health Summit Asia 2026) បានបើកជាផ្លូវការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នា មជ្ឈមណ្ឌលសន្និបាត Kuala Lumpur Convention Centre (KLCC) ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញវិស័យសុខាភិបាល វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកធ្វើគោលនយោបាយមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។

ក្នុងឱកាសនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះផងដែរ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ ឱសថ បច្ចេកវិទ្យាសុខភាព និងសេវាកម្មថែទាំសុខភាពរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។

លោកស្រី យីប ដាតូ ហាជះ ហានីហ្វា ហាចារ តៃប (YB Dato Hajjah Hanifah Hajar Taib) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានថ្លែងថា ការរៀបចំកិច្ចប្រជុំកំពូលសុខាភិបាលអាស៊ី ឆ្នាំ២០២៦ (Health Summit Asia 2026) បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការកំណត់ទិសដៅអនាគតវិស័យសុខាភិបាល និងសុខុមាលភាពនៅអាស៊ាន ព្រមទាំងជំរុញឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍ កិច្ចសហការ និងកំណើនប្រកបដោយចីរភាព។

លោកស្រីបានបញ្ជាក់ថា របៀបវារៈកំណែទម្រង់វិស័យសុខាភិបាលរបស់ម៉ាឡេស៊ី ផ្តោតលើការពង្រឹងសេវាថែទាំសុខភាពបឋម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលឌីជីថល និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុងវិនិយោគយ៉ាងសំខាន់លើការពង្រីកមណ្ឌលសុខភាពបឋម ការបង្កើនប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើរោគវិនិច្ឆ័យ និងការលើកកម្ពស់កម្មវិធីសុខុមាលភាព ដើម្បីត្រៀមខ្លួនសម្រាប់សង្គមមនុស្សចាស់នៅឆ្នាំ២០៣០។
លោកស្រីអនុរដ្ឋមន្ត្រី បានបន្ថែមថា HSA2026 គឺជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ប្រមូលផ្តុំថ្នាក់ដឹកនាំវិស័យសុខាភិបាល អ្នករៀបចំគោលនយោបាយ អ្នកនវានុវត្តន៍ និងវិនិយោគិន ដើម្បីជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដែលស្របតាមគោលដៅជាតិរបស់ម៉ាឡេស៊ី។ លោកស្រីក៏បានកោតសរសើរក្រុមហ៊ុន Qube Integrated Malaysia និង Green Wellness Malaysia ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍នេះ ឱ្យក្លាយជាវេទិកាជំរុញដំណោះស្រាយជាក់ស្តែង សម្រាប់អនាគតសុខាភិបាលប្រកបដោយចីរភាព នៅម៉ាឡេស៊ី និងតំបន់។

ជំនួបកំពូលសុខភាពអាស៊ី ២០២៦ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង SEACare និង International Wellness Expo (IWE) ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាលសម័យថ្មី ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យវេជ្ជសាស្ត្រ សុខភាពឌីជីថល ការថែទាំបង្ការ និងការលើកកម្ពស់សុខុមាលភាពប្រជាជន។
តាមការរៀបចំរបស់គណៈកម្មការព្រឹត្តិការណ៍ ពិព័រណ៍ និងសន្និសីទនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយមានស្តង់តាំងបង្ហាញរាប់រយ និងការចូលរួមពីក្រុមហ៊ុន អង្គភាព និងអ្នកជំនាញមកពីជុំវិញពិភពលោក។

ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងទិសដៅដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ក៏ដូចជាឱកាសដ៏សំខាន់មួយសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ ការទាក់ទាញវិនិយោគ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងឧស្សាហកម្មពាក់ព័ន្ធរវាងកម្ពុជា និងដៃគូអន្តរជាតិ៕