ប្រធានគណបក្សខ្មែររួបរួមជាតិ ស្តាប់មតិគណបក្សប្រឆាំងលែងចូលត្រចៀកដូចមុន ក្រោយចូលធ្វើការងារជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ កោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា ជាអ្នកកាន់អំណាចដឹកនាំ។
ក្នុងនោះ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ក្រោយបានចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជកម្ពុជា ពោលគឺតាមរយៈយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ឯកឧត្តមស្តាប់មតិបក្សប្រឆាំងលែងចូលត្រចៀកល្អដូចមុន ដោយយល់ឃើញថា មតិយោបល់ខ្លះរបស់បក្សប្រឆាំងបានលើកឡើង គឺចោទប្រកាន់រាជរដ្ឋាភិបាលខុស ទាំងខ្មៅងងឹត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ, ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា "ខ្ញុំពីមុនដែលមិនទាន់បានចូលធ្វើការ ជាមួយរាជរដ្ឋាភិបាល ខ្ញុំស្តាប់មតិយោបល់បក្សប្រឆាំងអី ដូចជាចូលត្រចៀកល្អណាស់ ប៉ុន្តែពេលចូលធ្វើការជាមួយរាជរដ្ឋាភិបាល ទើបយល់ថា ចំណុចខ្លះ បក្សប្រឆាំងបកស្រាយមិនត្រឹមត្រូវនោះទេ គឺចោទប្រកាន់ខុសដោយខ្មៅងងឹត គឺចំណុចនោះមិនមែនជាការពិតឡើយ"។
លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ដែរថា បានចាត់ទុកយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាយន្តការល្អប្រសើរ ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ មកជួបជុំគ្នា ចែករំលែកនូវមតិយោបល់ ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា សម្ព័ន្ធភាពរវាងបក្សនយោបាយ គឺមានគោលដៅយូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, អ៊ុន ផាណាត់