ពិព័រណ៍ចំនួនពីរ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា
ភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលជាទិវាជាតិនៃការចងចាំ, មជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រៀបចំកម្មវិធីពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” និងពិព័រណ៍សៀវភៅ ក្រោមប្រធាន់បទ “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រដើម្បីការចងចាំ”។
កម្មវិធីពិព័រណ៍ទាំងពីរនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថាប័នជាតិ និងអន្តរជាតិ ដៃគូអភិវិឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើមបណ្តឹងរដ្ឋប្បវេណី អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១៥០នាក់។
ក្នុងឱកាសនោះដែរ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. មាន ប្រសាសន៍ថា ការរៀបចំពីព័រណ៍ស្តីអំពីសំណង និងពិព័រណ៍សៀវភៅ ក្នុងឱកាសនេះ គីមិនត្រឹមតែដើម្បីរំលឹកដល់ជនរងគ្រោះ និងអ្នកដែលបានបាត់បង់ក្នុងរបបខ្មែរក្រហម ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តរក្សាមរតកនៃការចងចាំ ការអប់រំ និងយុត្តិធម៌សម្រាប់យុវជនជំនាន់ក្រោយផងដែរ។
តាមរយៈការបង្ហាញអំពីគម្រោងសំណង និងការផ្សព្វផ្សាយសៀវភៅឯកសារ និងចំណេះដឹងប្រវត្តិសាស្ត្រនេះ លោកសង្ឃឹមថា សាធារណជននឹងយល់ដឹងកាន់តែច្បាស់ ហើយសារណជន នឹងយល់ដឹងពីការបង្កើតតម្លៃនៃសន្តិភាព ការផ្សះផ្សា និងការទទួលខុសត្រូវរួមក្នុងការអភិរក្ស ការចងចាំរបស់សង្គមកម្ពុជា។
ពិព័រណ៍សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា នេះ មានដាក់តាំងបង្ហាញអំពីគម្រោងសំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅ ក្នុងបរិវេណនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. តាមរយៈរូបថតឯកសារ សក្ខីកម្ម និងផ្ទាំងព័ត៌មានអប់រំផ្សេងៗ ដែលបង្ហាញពីដំណើរការនៃសំណង់ ចាប់ពីគោលការណ៍ រហូតដល់ការ អនុវត្តជាក់ស្តែង និងផលទទួលបានពីសំណងទាំងនោះ ដល់ជនរងគ្រោះ នឹងក្នុងសង្គមទាំងមូល។
គោលបំណងនៃពិព័រណ៌នេះ គឺបង្ហាញអំពីសិទ្ធិទទួលបានសំណង និងការវិវត្តរបស់គម្រោង សំណងនៅក្នុងបរិបទរបស់ អ.វ. ត.ក.នាំឱ្យមានការយល់ដឹងច្បាស់លាស់ និងងាយស្រួលអំពីប្រព័ន្ធសំណង របស់ អ.វ.ត.ក. ចាប់ពីដំណាក់កាលដាក់ពាក្យរហូតដល់ការអនុវត្ត។ បង្ហាញពីគំនិតផ្តួចផ្តើមរបស់អង្គការសង្គមស៊ីវិល ដែលបន្តគាំទ្រជនរងគ្រោះលើសពីក្របខណ្ឌយុត្តិធម៌របស់ អ.វ. ត.ក.។ ជំរុញភាពជាដៃគូ គំនិតថ្មីៗ និងការប្តេជ្ញាចិត្តសម្រាប់ ស្ថាប័នកេរ ដំ ណែល អ.វ.ត.ក. នាពេលអនាគត។
ពិព័រណ៍សៀវភៅស្តីពី “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រដើម្បីការ ចងចាំ” មានគោលបំណង ការតាំងពិព័រណ៍សៀវភៅអ.វ.ត.ក.លើកទី១នេះ ចូលរួមរំលឹកដល់ការចងចាំពីព្រឹត្តការណ៍ក្នុងរបបខ្មែរក្រហម ក្នុងទិវានៃការចឹងចាំ ២០ ឧសភា ឆ្នាំ២០២៦ ដែលផ្តោតសំខាន់ទៅលើសៀវភៅប្រវត្តិសាស្ត្រ សៀវភៅច្បាប់ និងប្រភេទសៀវភៅមួយចំនួនទៀត ដើម្បីបង្ហាញនូវការរួមចំណែករបស់ អ.វ.ត.ក.ដែលបានធ្វើការងារលើ ដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សា ការចងចាំ សន្តិភាព ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបាន។
ពិព័រណ៍សៀវភៅស្ដីអំពី “អក្សរសាស្ត្រប្រវត្តិសាស្ត្រដើម្បីការចងចាំ ” នឹងមានស្តង់ដាក់លក់ និងចែកចាយសៀវភៅ និងឯកសារផ្សេងៗពាក់ព័ន្ធ នឹងប្រវត្តិសាស្ត្រ ច្បាប់ យុត្តិធម៌អន្តរកាលនិងឯកសារអប់រំផ្សេងៗ ដោយមានការចូលរួមពីអ្នកនិពន្ធ បណ្ណាល័យ បណ្ណាគារ ស្ថាប័នអប់រំ និងសង្គមស៊ីវិល។ ក្រៅពីស្តង់ពិព័រណ៍សៀវភៅ កម្មវិធីនេះ ក៏នឹងមានការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការចាក់បញ្ចាំងភាពយន្តឯកសារផងដែរ។
កម្មវិធីពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការចូលរួមពីជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី យុវជន អ្នកស្រាវជ្រាវ អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ ដើម្បីរួមគ្នា ឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃការចងចាំ ការផ្សះផ្សានៅក្នុងសង្គមកម្ពុជា៕
អត្ថបទ៖ វង សុភ័ក្ត្រ