ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិព័រណ៍សុខាភិបាល និងឱសថអាស៊ីអាគ្នេយ៍ SEACare 2026 នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ី៖ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ២០រូប ទស្សនកិច្ច និងចូលរួមក្នុងពិព័រណ៍សុខាភិបាល និងឱសថអាស៊ីអាគ្នេយ៍ SEACare 2026 ដែលជាវេទិកាឈានមុខគេក្នុងតំបន់ផ្នែកសុខាភិបាល និងឱសថរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
SEACare 2026 ត្រូវបានចាត់ទុកថា ជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញវេជ្ជសាស្ត្រ ក្រុមហ៊ុនផលិត អ្នកចែកចាយ វិនិយោគិន និងអ្នករៀបចំគោលនយោបាយមកពីជុំវិញពិភពលោក។ កម្មវិធីនេះ មានស្តង់តាំងបង្ហាញជាង ៥០០ស្តង់ និងរំពឹងថា ទាក់ទាញអ្នកចូលរួមជាង ១៥,០០០នាក់ មកពីបណ្តាប្រទេសនានា។
ក្នុងឱកាសនោះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អ្នកវិនិយោគ និងដៃគូអាជីវកម្មអន្តរជាតិ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ឱសថ និងសុខុមាលភាពរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។
SEACare ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាវេទិកាដ៏មានឥទ្ធិពលសម្រាប់វិស័យសុខាភិបាល និងឱសថនៅអាស៊ីអាគ្នេយ៍។ ក្រោមការរៀបចំដោយក្រុមហ៊ុន Qube Integrated Malaysia Sdn. Bhd. ពិព័រណ៍នេះ បានវិវត្តខ្លួនទៅជាវេទិកាផ្គូផ្គងអាជីវកម្មដ៏សំខាន់ ដែលភ្ជាប់ម៉ាកផលិតផលសុខាភិបាល និងឱសថ ជាមួយបណ្តាញអ្នកចែកចាយនៅម៉ាឡេស៊ី និងតំបន់អាស៊ីអាគ្នេយ៍។
ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ត្រូវបានចាត់ទុកថា ជាជំហ៊ានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការលើកកម្ពស់សក្តានុពលវិស័យសុខាភិបាល និងការវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងសកលលោក។
ដំណើរទស្សនកិច្ចនេះផងដែរ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែណែនាំ និងចង្អុលបង្ហាញឱ្យធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕