រុស្ស៊ី ព្រមានប្រទេសឡាតវីយ៉ា ជុំវិញការផ្តល់មូលដ្ឋានទ័ពឱ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ដ្រូនវាយប្រហារ
រុស្ស៊ី៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានធ្វើការព្រមាននិងគំរាមកំហែងខ្លាំងៗទៅកាន់ប្រទេសឡាតវីយ៉ា ដែលជាសមាជិកណាតូ (NATO) ដោយចោទប្រកាន់ថា ប្រទេសតំបន់បាល់ទិកមួយនេះ បានបើកដៃដោយផ្តល់ដែនអាកាស និងអនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែនមកបោះទីតាំងនៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីត្រៀមបង្ហោះដ្រូនវាយប្រហារចូលទឹកដីរុស្ស៊ី ។
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) គូសបញ្ជាក់យ៉ាងច្បាស់ថា ទីភ្នាក់ងារសម្ងាត់រុស្ស៊ីបានក្តោបក្តាប់និងស្គាល់ពីកូអរដោនេ (លេខសម្គាល់ទីតាំងនៅលើផែនទី) ទីតាំងយោធាទាំងនោះច្បាស់លាស់ណាស់ ហើយទោះបីជាឡាតវីយ៉ា មានខ្នងបង្អែកជាសមាជិកណាតូក៏ដោយ ក៏ខែលការពារមួយនេះ នឹងមិនអាចជួយសង្គ្រោះពួកគេពីការសងសឹកតាមផ្លូវយោធារបស់រុស្ស៊ីបានឡើយ ។
ភ្លាមៗនោះ ភាគីឡាតវីយ៉ា បានចេញមុខទាត់ចោលការចោទប្រកាន់នេះទាំងស្រុង ដោយអះអាងថាខ្លួនមិនដែលអនុញ្ញាតឱ្យបរទេសប្រើទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងរុស្ស៊ីឡើយ ខណៈជម្លោះពាក្យសម្តីនេះកើតឡើងបន្ទាប់ពីមានករណីយន្តហោះចម្បាំងណាតូ បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយគ្រឿង ដែលបានហោះវង្វេងទីតាំងចូលទៅក្នុងដែនអាកាសអឺរ៉ុប ក្រោយរុស្ស៊ីបង្អាក់រលកសញ្ញា ដែលធ្វើឱ្យរំខានដល់ប្រព័ន្ធទាក់ទង ឬប្រព័ន្ធបញ្ជា ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសឡាតវីយ៉ា កំពុងតែមានភាពវឹកវរខ្លាំង ដោយកាលពីដើមខែនេះ កងទ័ពមិនអាចស្ទាក់ចាប់ដ្រូនមិនស្គាល់ប្រភព ដែលហោះមកធ្លាក់លើជង្រុកស្តុកប្រេងក្នុងស្រុកបានឡើយ រហូតនាំឱ្យនាយករដ្ឋមន្ត្រី លោកស្រី អេវីកា ស៊ីលីញ៉ា (Evika Siliņa) បង្ខំចិត្តលាលែងចេញពីតំណែង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Zane Bitere/LETA)/ cmfmag on Microsoft Bing.