ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ អត្រាអ្នកអត់ការងារធ្វើនៅអាម៉េរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៦៩

image


 
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការអួតសរសើរពីភាពជោគជ័យនៃស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុករបស់អាម៉េរិក ដោយលោកគូសបញ្ជាក់ថា ទីផ្សារភាគហ៊ុនកំពុងតែបំបែកកំណត់ត្រាហក់ឡើងខ្ពស់បំផុត ខណៈអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៦៩ មកម៉្លេះ
 
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលលោកត្រាំ បានផ្ញើសារព្រមានសារជាថ្មីទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបានលោកប្រកាសយ៉ាងក្តៅគគុកថា ទីក្រុងវ៉ាស៊ីនតោន ដាច់ខាតនឹងមិនបណ្តោយឱ្យរដ្ឋាភិបាលទីក្រុងតេហ៍រ៉ង់ អាចអភិវឌ្ឍ ឬក្តោបក្តាប់អាវុធនុយក្លេអ៊ែរបានឡើយ បើទោះជាប្រទេសនេះតែងតែមានមហិច្ឆតាចង់បានយ៉ាងណាក៏ដោយ ។
 
មេដឹកនាំអាម៉េរិករូបនេះ អះអាងថា យោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហារយ៉ាងចាស់ដៃ ទៅលើកម្លាំងការពារជាតិរបស់អ៊ីរ៉ង់ ដោយបានកម្ទេចទាំងកងទ័ពជើងទឹក កងទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាស ព្រមទាំងសម្ភារៈសឹកស្ទើរតែទាំងស្រុង រួមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ទៀតផង ។
 
ទោះបីជាមានការប្រើប្រាស់ធម៌ក្ដៅតាមផ្លូវយោធាយ៉ាងណាក្ដី លោក ដូណាល់ ត្រាំ ក៏បានបង្ហើបពីក្តីសង្ឃឹមក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរ និងសង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ ឱ្យបានសម្រេចក្នុងពេលឆាប់ៗ តាមរយៈវិធីសាស្ត្រការទូតដ៏ទន់ភ្លន់ និងរលូន ខណៈលោកអះអាងថា ភាគីអ៊ីរ៉ង់ផ្ទាល់ក៏កំពុងតែហត់នឿយ និងចង់ចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាណាស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ The New York Times & perspective on Microsoft Bing.