សង្គម

សមាគមស្វាយចន្ទីកម្ពុជា៖ តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក្នុងឆ្នាំនេះ ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ

image


ភ្នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តម្លៃគ្រាប់ស្វាយ ចន្ទីសើមនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដែលអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញជាងឆ្នាំមុន។
លោកបានបញ្ជាក់ថា ក្នុងនាមជាកសិករមួយរូបផងដែរ លោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារឆ្នាំនេះស្វាយចន្ទីមានតម្លៃល្អ ទោះបីរដូវនេះមានភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យគុណភាពគ្រាប់ស្វាយចន្ទីធ្លាក់ចុះខ្លះ ក៏នៅតែលក់បានតម្លៃខ្ពស់។ ជាក់ស្ដែង កាលពីម្សិលមិញ លោកអាចលក់គ្រាប់ស្វាយចន្ទីគុណភាពអន់បានក្នុងតម្លៃ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម ដែលកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត បានកត់សម្គាល់ថា តម្លៃស្វាយចន្ទីមានស្ថិរភាពល្អរយៈពេល ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២៤មក។ មូលហេតុសំខាន់ គឺដោយសារបណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច បានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់ការកែច្នៃក្នុងស្រុក។
លោកបន្តថា ប្រទេសវៀតណាម ត្រូវការគ្រាប់ស្វាយចន្ទីប្រមាណ ៣,៥លានតោន សម្រាប់កែច្នៃនាំចេញជារៀងរាល់ឆ្នាំ ប៉ុន្តែអាចផលិតក្នុងស្រុកបានត្រឹមប្រមាណ ៣០ម៉ឺនតោនប៉ុណ្ណោះ។ ដូច្នេះ វៀតណាមត្រូវពឹងផ្អែកលើការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា និងបណ្ដាប្រទេសអាហ្វ្រិកខាងលិច ដូចជា នីហ្សេរីយ៉ា កូឌីវ័រ ហ្គាណា និងបេណាំង ជាដើម។

ទោះជាយ៉ាងណា ដោយសារគោលនយោបាយនាំចេញរបស់ប្រទេសនៅអាហ្វ្រិកខាងលិចមានការប្រែប្រួល វៀតណាមបានប្តូរទិសដៅពីការទិញគ្រាប់ស្វាយចន្ទីដែលមានតម្លៃថោកពីអាហ្វ្រិក មកបង្កើនការទិញពីកម្ពុជា ដែលជាប្រទេសជិតខាង និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។ កត្តានេះ បានជំរុញឱ្យតម្លៃស្វាយចន្ទីនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
បើតាមលោក អួន ស៊ីឡុត តម្លៃនាំចេញគ្រាប់ស្វាយចន្ទីសើមក្នុងឆ្នាំ២០២៦ មានការប្រែប្រួលតាមខែ ដោយក្នុងខែមករា មានតម្លៃប្រមាណ ៧.២០០រៀល ក្នុងមួយគីឡូក្រាម ខែកុម្ភៈ ៦.១០០រៀល ខែមីនា ៦.៣០០រៀល ខែមេសា ៦.២០០រៀល និងក្នុងខែឧសភានេះ មានតម្លៃជាមធ្យមប្រមាណ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម។

យោងតាមទិន្នន័យនាំចេញក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដោយរកចំណូលបានប្រមាណ ១,៤៤ពាន់លានដុល្លារ កើនឡើង ២៤,១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕