ព័ត៌មានជាតិ

និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ

image

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ (The Australian and New Zealand Institute of Insurance and Finance-ANZIIF) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈក្នុងវិស័យធានារ៉ាប់រងកម្ពុជា។

អនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខាដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Mr. Mark Silveira អគ្គនាយកវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ឱ្យដឹងថា អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាង និយ័តករធានារ៉ាប់រងកម្ពុជា និង វិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ តាមរយៈការផ្លាស់ប្តូរជំនាញ និងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលរួម ដែលស្របតាមស្តង់ដារវិជ្ជាជីវៈអន្តរជាតិក្នុងវិស័យធានារ៉ាប់រង។

លោក បានបញ្ជាក់ថា ភាពជាដៃគូនេះ ក៏នឹងជួយលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ទីផ្សារធានារ៉ាប់រងកម្ពុជា តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា វេទិកាពិភាក្សា ទស្សនកិច្ចសិក្សា និងសកម្មភាពស្រាវជ្រាវផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងនិន្នាការ និងការអភិវឌ្ឍច្បាប់គ្រប់គ្រងថ្មីៗក្នុងវិស័យនេះ។

លោក ប៊ូ ច័ន្ទភីរូ ក៏បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការឡើងវិញចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហម។ នៅឆ្នាំ២០០០ ច្បាប់ស្តីពីធានារ៉ាប់រងត្រូវបានអនុម័ត ខណៈនៅឆ្នាំ២០២១ តួនាទីគ្រប់គ្រងវិស័យនេះ ត្រូវបានផ្ទេរមកនិយ័តករធានារ៉ាប់រងកម្ពុជា ក្រោមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ចាប់តាំងពីពេលនោះមក និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២៥-២០៣០” និងកំពុងធ្វើបច្ចុប្បន្នភាពឡើងវិញក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានបង្កើត និងកែសម្រួលក្របខណ្ឌបទប្បញ្ញត្តិជាច្រើន ដូចជា បទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាបណ្ណ ការដោះស្រាយវិវាទ ការចុះបញ្ជីភ្នាក់ងារធានារ៉ាប់រង ការការពារអតិថិជន និងក្រមសីលធម៌សម្រាប់ភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រងជាដើម។

បើតាមរបាយការណ៍ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ កំពុងប្រតិបត្តិការ រួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៣ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ១។ នៅឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជា មានទំហំប្រមាណ ៣៦៧លានដុល្លារអាមេរិក ដោយមានអត្រាចូលរួមក្នុងសេដ្ឋកិច្ចត្រឹម ១,១១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រង ២០,៩៥ ដុល្លារក្នុងមនុស្សម្នាក់។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ទិន្នន័យទាំងនេះ បង្ហាញថា វិស័យធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើន បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់។ និយ័តករធានារ៉ាប់រងកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការចាប់យកសក្តានុពលនេះ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យ ដើម្បីជំរុញកំណើនប្រកបដោយចីរភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជា៕