ព័ត៌មានអន្តរជាតិ

ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឥណ្ឌា-ប្លុកអឺរ៉ុបខាងជើង ហក់ឡើងដល់ ២០០ ភាគរយ

image


 
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) បានប្រកាសជាផ្លូវការនៅក្នុងទីក្រុងអូស្លូ (Oslo) កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងបណ្ដាប្រទេសនៅតំបន់ណូឌីក (អឺរ៉ុបខាងជើង) កំពុងតែឈានចូលដល់ «យុគសម័យមាសថ្មី» តាមរយៈការសម្រេចចិត្តរួមគ្នា បង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រផ្ដោតលើបច្ចេកវិទ្យាបៃតង និងការបង្កើតនវានុវត្តន៍ថ្មីៗ ។
 
មេដឹកនាំឥណ្ឌារូបនេះ បង្ហើបថា ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងតំបន់ទាំងពីរ មានការហក់ឡើងខ្ពស់រហូតដល់ប្រមាណ ២០០ ភាគរយ ដែលកំណើនដ៏គំហុកនេះ មិនត្រឹមតែជួយរុញច្រានសេដ្ឋកិច្ចរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញប្រព័ន្ធហិរញ្ញវត្ថុតំបន់អឺរ៉ុបខាងជើង និងបង្កើតការងារថ្មីៗបានរាប់ពាន់កន្លែងថែមទៀតផង ។
 
កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ គាំទ្រដោយការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាបន្តបន្ទាប់ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) កាលពីចុងឆ្នាំ២០២៥ ព្រមទាំងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំរវាងឥណ្ឌា និងសហភាពអឺរ៉ុប (India-EU FTA) កាលពីពេលថ្មីៗ ។
 
នៅក្នុងកិច្ចប្រជុំកំពូលឥណ្ឌា-ណូឌីក លើកទី៣ ក្រុមមេដឹកនាំមកពីប្រទេសចំនួន ៥ រួមមាន ន័រវែស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ដ៍ និងអ៊ីស្លង់ដ៍ (Iceland) បានដៅមុខព្រួញរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ថាមពលកែច្នៃឡើងវិញ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការស្រាវជ្រាវតំបន់ប៉ូលអាក់ទិក និងវិស័យយោធាការពារជាតិ ។
 
ក្រុមមន្ត្រីសហភាពអឺរ៉ុប វាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមួយរវាងអឺរ៉ុប និងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលវានឹងជួយសម្រាលបន្ទុកពន្ធគយ ពង្រឹងសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ និងបើកផ្លូវពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយជាងមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ maritimegateway on Microsoft Bing.