ព័ត៌មានជាតិ

ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជាជម្រាបសម្តេចធិបតីពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហូឡង់ កើនឡើងរហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
————
ឯកឧត្តមឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជាបានជម្រាបសម្តេចធិបតីនាយករដ្ឋមន្រ្តីពីការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូតបានគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។ ការលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម រ៉េមកូ ជូហានីស វ៉ាន់ វីនហ្គាអាដិន (Remco Johannes van Wijngaarden )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង នូវការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ ព្រមជាមួយគ្នានេះ សម្ដេចធិបតីក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង, និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

សម្ដេចធិបតីក៏បានលើកឡើងអំពីគោលនយោបាយ និងយន្តការចាំបាច់នានា របស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗឱ្យកាន់តែច្រើនថែមទៀត និងការដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីធានានូវភាពប្រកួតប្រជែង, ភាពអាចប៉ាន់ប្រមាណបាន, និងធានាដល់ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់នៅកម្ពុជាផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ មិនត្រឹមតែជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជាផងដែរ។


សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការតំបន់ ដោយបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងហូឡង់ និងកម្ពុជា លើការបណ្ដុះបណ្ដាលអ្នកការទូត ផងដែរ។


ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត បានអរគុណកម្ពុជា ដែលតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នាពេលកន្លងមក។ ឯកឧត្តមបានបន្ថែមថា ហូឡង់ ក៏ដូចជាសហភាពអឺរ៉ុបគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកតាមច្បាប់៕