រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសាសនា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន ៨៨អង្គ បង្សុកូលរាប់បាត្រនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ជាង ៣លាននាក់ ដែលត្រូវបានពួកប៉ុល ពត កាប់សម្លាប់យ៉ាងរង្គៀល រហូតធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកស្រ្តីមេម៉ាយ, ក្មេងកំព្រា និងហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មរបស់ពួកឃាដក អាវខ្មៅ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ទកាលនេះ បានកន្លងផុតទៅជាង ៤៧ឆ្នាំទៅហើយក្តី។
ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឧិកាសខួបលើកទី៩នៃទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលអានដោយលោក ឃួង ស្រេង បានឱ្យដឹងថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ។
រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។
ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។
ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងថា តាមរយៈ គោលនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សា សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការប្រារពទិវាជាតិនៃការចងចាំឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺបានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុជាងមួយម៉ឺននាក់ ដែលបានគាស់ចេញពីរណ្តៅសពរួមនៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធធ្វើពិធីបង្សុកូលរាប់បាត្រព្រះសង្ឃជារៀងរាល់ឆ្នាំហើយឆ្នាំ២០២៦នេះ រាប់បាត្រព្រះសង្ឃចំនួន៨៨អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៏ក្នុងរបបវាលពិឃាដខ្មែរក្រហមនេះ។
ក្នុងឱកាសនោះដែរ ក្រុមសិល្បៈនៃមន្ទីវប្បធម៌និងវិចិត្រសឹល្បៈរាជធានីភ្នំពេញបានសម្ដែងនូវផ្ទាំងទស្សនីយភាពឈុតឆាកពីការកាប់សម្លាប់ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់យ៉ាងសាហាវឃោរឃៅព្រៃផ្សៃជាទីបំផុតធ្វើឱ្យអ្នកចូលរួមស្រក់ទឹកភ្នែកថែមទៀតផង៕