ព័ត៌មានអន្តរជាតិ

មនុស្សម្នាក់ស្លាប់ ច្រើននាក់រងរបួស ក្នុងការវាយប្រហារលើរថយន្តមួយគ្រឿងនៅទីក្រុងហ្គាហ្សា ដែលគេសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអ៊ែល

image

ហ្គាហ្សា, ប៉ាឡេស្ទីន៖ ស្ថានការណ៍នៅទីក្រុងហ្គាហ្សា នៅតែបន្តឡើងកម្ដៅ ដោយកាលពីថ្ងៃអង្គារកន្លងទៅ មានករណីផ្ទុះឡានមួយគ្រឿងដ៏រន្ធត់ បណ្ដាលឱ្យប្រជាស៊ីវិលប៉ាលេស្ទីនម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ ដែលប្រភពក្នុងតំបន់សង្ស័យថា ជាការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។

 

សាក្សីនៅទីកន្លែងកើតហេតុ បានរៀបរាប់ទាំងក្តីរន្ធត់ថា រថយន្តស៊ីវិលខាងលើត្រូវបានកម្ទេចដោយការផ្ទុះភ្លាមៗ ធ្វើឱ្យជនរងគ្រោះត្រូវខ្ទេចខ្ទាំរាងកាយយ៉ាងខ្លាំងភ្លាមៗ ខណៈដែលភាគីអ៊ីស្រាអ៊ែលនៅមិនទាន់ចេញមុខមកទទួលខុសត្រូវ ឬធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការចោទប្រកាន់នេះនៅឡើយទេ ។

 

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃដែលបានផ្ទុះឡើងតាំងពីខែតុលា ឆ្នាំ២០២៣ មកនេះ បានដុតបំផ្លាញជីវិតមនុស្សកាន់តែច្រើនឡើងៗ ដោយគិតមកទល់ពេលនេះ ចំនួនប្រជាជនប៉ាលេស្ទីនដែលបានបាត់បង់ជីវិត បានហក់ឡើងដល់ទៅជាង ៧ ម៉ឺន ២ ពាន់នាក់ហើយ និងជាង ១៧ ម៉ឺននាក់ផ្សេងទៀតទទួលរងរបួស ។

 

ស្របពេលការបង្ហូរឈាមនៅតែបន្ត សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបន្តរុញច្រានផែនការសន្តិភាព ២០ ចំណុច ក្នុងដំណាក់កាលទីពីរ ដើម្បីបញ្ចប់សង្គ្រាមនេះ តាមរយៈការជំរុញឱ្យមានការទម្លាក់អាវុធ, ការបង្កើតរដ្ឋបាលគ្រប់គ្រងថ្មី និងការរៀបចំកសាងតំបន់ហ្គាហ្សាឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.