ព័ត៌មានជាតិ

ម៉ាឡេស៊ី ថ្កោលទោសកងទ័ពអ៊ីស្រាអ៊ែល ចំពោះការស្ទាក់ចាប់កប៉ាល់មនុស្សធម៌ និងឃាត់ខ្លួនសកម្មជនជិត ៣៥០ នាក់

image

ម៉ាឡេស៊ី៖ ក្រុមអ្នករៀបចំជំនួយមនុស្សធម៌របស់ប្រទេសម៉ាឡេស៊ី ស៊ូមូដ នុសានតារ៉ា ២.០ (Sumud Nusantara 2.0) ហៅកាត់ថា SNCC កាលពីថ្ងៃអង្គារ បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់កងទ័ពអ៊ីស្រាអ៊ែល ដែលបានបើកប្រតិបត្តិការជើងទឹកស្ទាក់ចាប់ក្បួនកប៉ាល់ដឹកជំនួយមនុស្សធម៌ចំនួន ៤០ គ្រឿង និងបានឃាត់ខ្លួនសកម្មជនអន្តរជាតិជិត ៣៥០ នាក់ ដែលកំពុងធ្វើដំណើរនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ។

 

មជ្ឈមណ្ឌលបញ្ជាការ SNCC របស់ម៉ាឡេស៊ី អះអាងថា ខ្លួនមានភស្តុតាងជាវីដេអូច្បាស់លាស់ ដែលបង្ហាញពីសកម្មជនមកពី ៤៥ ប្រទេស ត្រូវកងទ័ពអ៊ីស្រាអ៊ែលចាប់បង្ខំឱ្យចុះពីលើកប៉ាល់ទាំងកម្រោល ខណៈបច្ចុប្បន្ន ប្រទេសពាក់ព័ន្ធកំពុងជំរុញយន្តការការទូតជាបន្ទាន់ ដើម្បីស៊ើបរកទីតាំងឃាត់ខ្លួន និងស្វែងរកការដោះលែងពួកគេវិញ ។

 

នេះមិនមែនជាលើកទីមួយទេ ដែលបេសកកម្មមនុស្សធម៌ខ្នាតអន្តរជាតិនេះ រងការរារាំង ដោយកាលពីចុងខែមេសាកន្លងទៅ កងទ័ពអ៊ីស្រាអ៊ែល ក៏ធ្លាប់បានស្ទាក់ចាប់ទូកដឹកជំនួយជាង ២០ គ្រឿងផងដែរ នៅក្បែរប្រទេសក្រិក និងបានចាប់ខ្លួនសកម្មជនជិត ២ រយនាក់ បញ្ជូនទៅស្រុកកំណើតវិញ ។

 

ការប៉ុនប៉ងចូលទៅកាន់តំបន់ហ្គាហ្សាតាមផ្លូវទឹក តែងតែបង្កជាជម្លោះប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកនៅលើផ្ទៃសមុទ្រ ដោយភាគីអ្នករៀបចំអះអាងថា វាជាកាតព្វកិច្ចមនុស្សធម៌ដើម្បីជួយជនស៊ីវិល ស្របពេលដែលរដ្ឋាភិបាលអ៊ីស្រាអ៊ែល នៅតែលើកឡើងថា ការបិទខ្ទប់ផ្លូវទឹកនេះ ជារឿងខានមិនបាន ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.