ថៃប្រកាសលុបចោលការលើកលែងទិដ្ឋាការ ៦០ថ្ងៃ សម្រាប់ ៩៣ប្រទេស ក្រោយប្រឈមបទល្មើសផ្សេងៗ
ប្រទេសថៃ៖ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តជាផ្លូវការ លើការរុះរើ និងរឹតបន្តឹងគោលនយោបាយទិដ្ឋាការ (Visa) ទ្រង់ទ្រាយធំ ដោយក្នុងនោះបានប្រកាសលុបចោលការលើកលែងទិដ្ឋាការទេសចរណ៍រយៈពេល ៦០ ថ្ងៃ សម្រាប់បណ្ដាប្រទេស និងដែនដីចំនួន ៩៣ ដែលធ្វើឱ្យអ្នកដំណើរទាំងនោះត្រូវត្រលប់ទៅប្រើច្បាប់ចាស់វិញ ដែលអនុញ្ញាតឱ្យស្នាក់នៅត្រឹមតែ ៣០ ថ្ងៃ ។
ក្រៅពីការលុបចោលគម្រោង ៦០ ថ្ងៃ ក្រសួងការបរទេសថៃ ក៏បានកាត់បន្ថយចំនួនប្រទេសដែលធ្លាប់ទទួលបានការលើកលែងថ្លៃទិដ្ឋាការ ៣០ ថ្ងៃ ពី ៥៧ ប្រទេសមកនៅត្រឹម ៥៤ ប្រទេស និងបានកាត់បន្ថយប្រទេសដែលអាចសុំទិដ្ឋាការនៅព្រលានយន្តហោះ (Visa on Arrival) ពី ៣១ ប្រទេសមកត្រឹមតែ ៤ ប្រទេសប៉ុណ្ណោះ ដើម្បីលុបបំបាត់ភាពស្មុគស្មាញនៃច្បាប់អន្តោប្រវេសន៍ ។
មូលហេតុចម្បងដែលនាំឱ្យរដ្ឋាភិបាលថៃសម្រេចចិត្តបែបនេះ ព្រោះតែក្តីបារម្ភខ្លាំងលើបញ្ហាសន្តិសុខជាតិ និងមានជនបរទេសមួយចំនួនធំបានលួចបន្លំប្រើប្រាស់ច្បាប់លើកលែងទិដ្ឋាការវែងឆ្ងាយនេះ ដើម្បីមកធ្វើអាជីវកម្មខុសច្បាប់ និងបង្កើតបទល្មើសផ្សេងៗនៅក្នុងទឹកដីថៃ ។
អាជ្ញាធរថៃ អះអាងថា វិធានការដ៏តឹងរ៉ឹងនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ភ្ញៀវទេសចរពិតប្រាកដឡើយ ព្រោះតាមទិន្នន័យជាក់ស្ដែង ភ្ញៀវទេសចរទូទៅស្នាក់នៅថៃជាមធ្យមមិនដល់ ១០ ថ្ងៃនោះទេ។ ទោះជាយ៉ាងណាក្ដី បណ្ដាប្រទេសដែលមានកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយថៃ ដូចជាប្រទេសចិន គឺនៅតែបន្តទទួលបានសិទ្ធិស្នាក់នៅ ៣០ ថ្ងៃដដែល ដោយមិនរងផលប៉ះពាល់ពីគោលនយោបាយថ្មីនេះឡើយ ។
គោលនយោបាយថ្មីនេះ នឹងត្រូវចូលជាធរមានក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីមានការចេញសេចក្តីប្រកាសផ្លូវការនៅក្នុងព្រឹត្តិបត្រច្បាប់របស់ថៃ។ នាពេលនេះ រដ្ឋាភិបាលថៃក៏បានបង្កើតគណៈកម្មាធិការពិសេសមួយ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស ដើម្បីបន្តតាមដាន វាយតម្លៃ និងកែសម្រួលច្បាប់ទិដ្ឋាការនេះជាប្រចាំ ដោយផ្អែកលើចំណូលទេសចរណ៍ និងសន្តិសុខជាតិជាចម្បង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ (Rungroj Yongrit/EPA)/ Thailand News/ Tempo English/ Depositphotos on visanews