រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិភាក្សាជាមួយពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២ ដើម្បីឱ្យមានតម្លាភាពក្នុងការអនុវត្ត
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាសាធារណៈមួយ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២ ក្នុងគោលបំណងធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយតម្លាភាព និងទទួលបានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន។
វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ប៉េង សម្បត្តិ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក បួ ឆៃយ៉ា តំណាងអង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ នៃឃុំក្រែក និងឃុំត្រពាំងផ្លុងផងដែរ។
ក្នុងឱកាសនោះ លោក ប៉េង សម្បត្តិ បានថ្លែងថា ខេត្តត្បូងឃ្មុំ នឹងទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្រោមជំនួយហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមរយៈ «គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា» ឬ Cambodia - Cross Border Enhancement Project (3CEP) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នឹងមានអនុគម្រោងសំខាន់ៗចំនួន២ រួមមាន ការកែលម្អ និងពង្រីកផ្លូវជាតិលេខ៧២ ប្រវែង១៤គីឡូម៉ែត្រ និងការកែលម្អ ព្រមទាំងសាងសង់ច្រកទ្វារព្រំដែនថ្មីមួយកន្លែង។
គម្រោងសាងសង់នេះ នឹងរួមបញ្ចូលការសាងសង់ចំណតរថយន្តធំទូលាយ ទីតាំងផ្ទុកទំនិញ តំបន់ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល អគារត្រួតពិនិត្យឯកសារ អគារអន្តោប្រវេសន៍ អគាររដ្ឋបាល លំនៅដ្ឋានមន្ត្រី កន្លែងអនាម័យ និងទីតាំងសម្រាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ ដូចជាផ្សារ និងហាងកាហ្វេជាដើម។
ដោយឡែក លោក បួ ឆៃយ៉ា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង 3CEP មានគោលបំណងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់ បង្កើនកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម (Logistics) រវាងកម្ពុជា និងវៀតណាម។
លោកបន្តថា គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនក្នុងខេត្តគោលដៅចំនួន៤ រួមមាន ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងការកែលម្អ និងពង្រីកផ្លូវជាតិសរុបប្រមាណ១៦០គីឡូម៉ែត្រ។
ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើកជាសំណួរពាក់ព័ន្ធនឹងផលប៉ះពាល់ និងសំណងក្នុងករណីខូចខាតទ្រព្យសម្បត្តិ ឬការផ្លាស់ប្តូរទីលំនៅ។ ជាការឆ្លើយតប តំណាងគម្រោងបានបញ្ជាក់ថា នឹងមានយន្តការដោះស្រាយដោយយុត្តិធម៌ តម្លាភាព និងអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ មុនពេលដំណើរការសាងសង់ចាប់ផ្តើម។
លោក ប៉េង សម្បត្តិ បានបន្ថែមថា គម្រោង 3CEP មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការទាក់ទាញវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពគ្រប់គ្រងគម្រោង ដើម្បីដោះស្រាយផលប៉ះពាល់នានាឱ្យបានរលូន និងស្របតាមផែនការដែលបានកំណត់។
គួរបញ្ជាក់ថា គម្រោងនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៧ និងបញ្ចប់នៅឆ្នាំ២០២៩ ដោយប្រើរយៈពេលសាងសង់ប្រមាណ២ឆ្នាំកន្លះ។ សមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយរបស់កម្ពុជា ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ទន្លេមេគង្គ (GMS) និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចដ៏សកម្ម និងប្រកបដោយចីរភាព៕
អត្ថបទ៖ សុខ ផន