សង្គម

រដ្ឋលេខាធិការក្រសួងអប់រំ អំពាវនាវដល់យុវជនទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង និងបទពិសោធ ដែលទទួលបានពីកម្មវិធី “យុវជន២១” ដើម្បីចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍសហគមន៍ និងកសាងអនាគត សម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន

image


ភ្នំពេញ៖ លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងកម្មវិធីប្រកួតវគ្គជម្រុះយក១០ក្រុម នៃកម្មវិធី “យុវជន២១” ឆ្នាំ២០២៦ ប្រធានបទ “ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត”, បានអំពាវនាវ ដល់យុវជនទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ចំណេះធ្វើ បទពិសោធ ដែលទទួលបានពីកម្មវិធីនេះ ដើម្បីចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍសហគមន៍ និងកសាងអនាគតសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន។

លោករដ្ឋលេខាធិការ បានឱ្យដឹងដែរថា កម្មវិធី យុវជន២១ ពិតជាបានបង្កើតឱកាសដល់យុវជនកម្ពុជា ពិសេសនិស្សិត ក្នុងការចូលរួមពង្រឹងសមត្ថភាពបន្ថែម លើជំនាញសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងធុរកិច្ច ដែលជាប្រទីបបំភ្លឺដ៏ត្រឹមត្រូវមួយ សម្រាប់យុវជន ឱ្យមាននវានុវត្តន៍ ចេះប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហា តាមរយៈការបង្កើតអាជីវកម្មស្របតាមលទ្ធភាព និងតម្រូវការទីផ្សារ ព្រមទាំងអាចចូលរួមចំណែកក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក ដោយបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។
លោក សេរី ជំនះ បានបញ្ជាក់ថា យុវជនជាថាមពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ក្នុងន័យនេះ ការអភិវឌ្ឍយុវជន គឺជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការកសាង និងប្រែក្លាយ យុវជនកម្ពុជា ទៅជាមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ដើម្បីកសាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកលើការអភិវឌ្ឍយុវជន តាមរយៈការផ្តល់ឱកាស និងពង្រឹងសមត្ថភាពប្រកបដោយបរិយាបន្នដល់យុវជនមកពីគ្រប់មជ្ឈដ្ឋាន ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ជាពិសេសការប្រមូលផ្តុំកម្លាំង វិជ្ជមានរបស់យុវជន ក្នុងការការពារសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានគឺ សន្តិភាព និងវឌ្ឍនភាពសង្គម។

បើតាមលោក ម៉ិល ផលសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកទឹកចិត្តឱ្យយុវជនដែលជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជា ស្រឡាញ់ការសិក្សាលើមុខវិជ្ជា STEM និងផ្តល់ឱកាសដល់យុវជន បង្ហាញនូវសមត្ថភាព គំនិតច្នៃប្រឌិត និងស្នាដៃបង្កើតថ្មីរបស់ខ្លួន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី