អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការ កែលម្អសោភ័ណភាពក្រុងសិរីសោភ័ណ ក្នុងនោះមានការរៀបចំផ្លូវដើរថ្មើជើង ៦ខ្សែ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ។
ក្នុងកិច្ចប្រជុំ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃទៅលើគម្រោងឱ្យបានល្អិតល្អន សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង ក្នុងការសម្របសម្រួលដោះស្រាយ សុំឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីកែលម្អសោភ័ណភាពក្រុង កាន់តែមានភាពស្រស់ស្អាត និងមានភាពបៃតង។
ចំពោះគម្រោងកែលម្អក្រុង គ្រោងចាប់ផ្តេីមអនុវត្តនៅឆ្នាំ ២០២៧ ខាងមុខ ដែលក្នុងនោះ ផ្លូវមានការរៀបចំក្រាលការ៉ូឡា និងរៀបចំធ្វើផ្លូវដើរ ថ្មើជើង ចំនួន៦ខ្សែ រួមមាន ៖ ១-ផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ ផ្លូវកែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ , ២-ផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ១៣៥៦ម៉ែត្រ , ៣-ផ្លូវពីស្ពានទី២ (ផ្លូវជាតិលេខ៦) ដល់ស្ពានទឹកថ្លា ៨២៥០ម៉ែត្រ , ៤-ផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ , ៥-ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ និង៦-ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦) ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕
លោក ប៊ុន សំណាង