សង្គម

សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលនឹងរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "ជាទស្សនវិស័យ វែងឆ្ងាយក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា និងការចែករំលែកបទពិសោធដែលទទួល បានដ៏លំបាករបស់កម្ពុជា ទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព ការបង្ការនិងការទប់ស្កាត់ ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក រាជរដ្ឋាភិបាលនឹងរក្សា កេរដំណែល បណ្ណសារដែលមានសច្ចភាពប្រវត្តិសាស្ត្រ និងឧត្តមានុវត្តន៍របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់ ជាប្រយោជន៍ដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងយុវជនជំនាន់ក្រោយ"។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាតាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ក៏បានលើកឡើងថា "បន្ទាប់ពីបញ្ចប់ការជំនុំជម្រះក្តី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្តកិច្ចការសេសសល់ ហើយក្នុងនោះបានប្រែក្លាយជាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីចូលរួមដល់ការចងចាំ ការថែរក្សាសន្តិភាព សាមគ្គីភាព ការអប់រំនិងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មបែបនេះ កើតឡើងសាជាថ្មី។ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះបង្កើតឡើងដើម្បីផ្តល់ជនរងគ្រោះ ជាពិសេសដើមបណ្ដឹង រដ្ឋប្បវេណី ជាវេទិកាជួបជុំ និងធ្វើសកម្មភាពមួយចំនួន។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បើក ទូលាយដល់សាធារណជន តាមរយៈ (១) បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, (២) និហិតដ្ឋានបណ្ណសារដែលតម្កល់ ឯកសារកាត់ក្តីប្រមាណជាង ២,៥លានទំព័រ សម្រាប់បម្រើផលប្រយោជន៍អប់រំនិងស្រាវជ្រាវ, (៣) បន្ទប់ ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការប្រឌិត, (៤) បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកស្វែងរកការពិតនិងចែករំលែកបទពិសោធឈឺចាប់ដល់យុវជន ជំនាន់ក្រោយ, (៥) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និង (៦) ឧទ្យានសម្រាប់ការចងចាំ ដែលជាកន្លែងសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម និងសាធារណជនមកជួបជុំនិងចែករំលែកបទពិសោធ ឆ្លុះបញ្ចាំង ពីអ្វីដែលបានកើតឡើង និងរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម"។

សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គម កម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬ ទំនៀមទម្លាប់របស់ខ្លួន៕

អត្ថបទ៖ ហ៊ន សុភ័ក្រ