អភិបាលខេត្តកណ្តាល ជំរុញអភិបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សុវត្ថិភាព
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញអភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវដោយទន់ភ្លន់ ម៉ឺងម៉ាត់ មាត់ចត់ ឆាប់រហ័ស និងព្រមទាំសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ព្រមទាំងបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក គួច ចំរើន បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
លោកអភិបាលខេត្តកណ្ដាល បន្តថា “ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដែលមកពីការសាងសង់លើដីចិញ្ចើមផ្លូវ ដូចនេះយើងទាំងអស់គ្នា មានភារកិច្ចក្នុងការយកចិត្តទុកដាក់ ជំរុញក្នុងការរៀបចំសម្រាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំសាងសង់ឬលក់ដូរនៅលើចំណីផ្លូវ ដោយមិនត្រូវគិតនូវអ្វីដែលមានភាពងាយស្រួលចំពោះមុខ តែត្រូវគិតអំពីហានិភ័យដែលអាចនឹងកើតមានឬបង្កគ្រោះថ្នាក់ធំធេងដល់អាយុជីវិត បង្កររបួសស្នាម និងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិផងដែរ។ ហើយអ្វីដែលយើងខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនេះ មិនមែនមានន័យថាយើងទៅបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបររកស៊ីទេ អ្វីដែលយើងខិតខំរៀបចំឱ្យមានចំណីផ្លូវ ចិញ្ចើមផ្លូវ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ទាំងបងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវ។”
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តសកម្មភាពជាបន្តបន្ទាប់ ទាំងការពិនិត្យវិធានការរដ្ឋបាល ការកំណត់គោលដៅសង្ស័យ តាមរយៈការប្រើប្រាស់ជំនាញ និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ យើងបានចាត់វិធាន៊ការជាបន្តបន្ទាប់ បើទោះបីជាខេត្តរបស់យើងមកដល់ពេលនេះមិនទាន់មានទីតាំងលួចលាក់ ធ្វើសកម្មភាព Scam Online ក្នុងមូលដ្ឋានរបស់យើងក៏ដោយ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកច្បាប់ ត្រូវអនុវត្តច្បាប់ស្ដីពី Scam Online ដោយទីតាំងណា កន្លែងណា ដែលបានប្រព្រឹត្ត Scam Online ត្រូវអនុវត្តច្បាប់អោយពេញលេញ គ្មានការយោគយល់ និងគ្មានការលើកលែងឡើយ បើមិនដូចនេះទេ សកម្មភាពដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការបង្ក្រាប Scam Online មិនអាចបង្ក្រាបបានទេ ប្រសិនបើយើងទាំងអស់គ្នាមិនអនុវត្តច្បាប់ឱ្យបានពេញលេញ។ ដូចនេះ សូមអភិបាលក្រុង-ស្រុកទាំងអស់ បន្តការខិតខំក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្លាំងៗបន្ថែមទៀត បង្កើតបណ្ដាញឱ្យបានច្រើន រិះរកវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យមាន Scam Online កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយដាក់កម្មវិធីត្រួតពិនិត្យទីតាំងដែលមានការសង្ស័យជាបន្តបន្ទាប់៕
លោក ឈុន សុភ័ក្រ