លោករដ្ឋមន្រ្តី ឌិត ទីណា ជួបឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ជាពិសេសលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម។
ភាគីទាំងពីរ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ដោយផ្តោតសំខាន់លើជីប៉ូតាស ការជំរុញពាណិជ្ជកម្មកសិកម្មទ្វេភាគី ក៏ដូចជាការសម្របសម្រួលការដឹកជញ្ជូនកសិផលកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដើម្បីបង្កើនផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕