មេដឹកនាំប្រេស៊ីល ប្រកាសបើកទ្វារចំហរចំពោះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអាម៉េរិក-ចិន ប៉ុន្តែដាច់ខាតត្រូវតែគោរពអធិបតេយ្យភាពរបស់ខ្លួន
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យូ លូឡា ដាលស៊ីលវ៉ា (Luiz Inacio Lula da Silva) បានប្រកាសពីជំហរបើកចំហររបស់រដ្ឋាភិបាលលោក ក្នុងការទទួលយកការវិនិយោគ និងភាពជាដៃគូអន្តរជាតិពីគ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាម៉េរិក ក្នុងការអភិវឌ្ឍវិស័យរ៉ែកម្រ និងរ៉ែយុទ្ធសាស្ត្រសំខាន់ៗ ។
ទោះជាមានការបើកចំហរក្ដី មេដឹកនាំប្រេស៊ីលរូបនេះ បានដាក់លក្ខខណ្ឌដាច់ខាតថា រាល់ក្រុមហ៊ុន ឬមហាអំណាចបរទេសដែលចូលមកវិនិយោគ ត្រូវតែគោរពអធិបតេយ្យភាពជាតិ ដោយប្រេស៊ីលនឹងមិនប្រគល់សិទ្ធិសម្រេច ឬសិទ្ធិគ្រប់គ្រងរ៉ែយុទ្ធសាស្ត្រទាំងនោះ ទៅឱ្យបរទេសផ្ដាច់មុខឡើយ ។
នៅក្នុងព្រឹត្តិការណ៍វិទ្យាសាស្ត្រមួយ លោក លូឡា បានបង្ហើបថា ប្រេស៊ីលនៅមិនទាន់ដឹងច្បាស់ពីសក្តានុពលរ៉ែនៅក្នុងទឹកដីខ្លួនឯងគ្រប់ជ្រុងជ្រោយនៅឡើយទេ ពោលគឺទើបតែរុករកដឹងត្រឹមប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ដែលកត្តានេះទាមទារឱ្យមានការជំរុញនូវការវិនិយោគលើការស្រាវជ្រាវភូគព្ភសាស្ត្របន្ថែមទៀត ។
ក្រៅពីបញ្ហាក្នុងស្រុក លោក លូឡា ក៏បានឆ្លៀតផ្ញើសារដាស់តឿនទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឱ្យបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម និងការឈ្លោះប្រកែកគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជុំវិញការដណ្តើមឥទ្ធិពលលើធនធានធម្មជាតិសកលជាបន្តទៀត ។
មេដឹកនាំប្រេស៊ីលរូបនេះ គូសបញ្ជាក់ថា ជំនួសឱ្យការឈ្លោះប្រកែកគ្នា មហាអំណាចទាំងពីរគួរតែងាកមកចាប់ដៃសហការវិនិយោគជាមួយប្រេស៊ីលវិញ ដើម្បីបើកផ្លូវឱ្យមានការរុករក និងបង្កើតរោងចក្រផលិតកម្មរួមគ្នា ដែលផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ភាគីដោយស្មើភាពគ្នា ។
ការប្រកាសគោលជំហរនេះ ធ្វើឡើងចំពេលដែល ប្រេស៊ីលកំពុងក្តោបក្តាប់ប្រភពរ៉ែកម្របម្រុងធំបំផុតមួយនៅលើពិភពលោក ដែលរ៉ែទាំងនោះជាវត្ថុធាតុដើមមិនអាចខ្វះបាន ក្នុងការផលិតបច្ចេកវិទ្យាការពារជាតិ គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មថាមពលបៃតងនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.