ព័ត៌មានអន្តរជាតិ

ចំណងសេដ្ឋកិច្ច និងការវិនិយោគ ចិន-រុស្ស៊ី កំពុងឈានចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

image


 
រុស្ស៊ី-ចិន៖ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ី កំពុងតែបោះជំហានចាកចេញពីការពង្រីកទំហំទីផ្សារធម្មតា ដោយបានឈានចូលដល់យុគសម័យថ្មីមួយ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងការបង្កើតនវានុវត្តន៍ថ្មីៗ ។
 
យោងតាមរបាយការណ៍របស់គយចិន ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានហក់ឡើងដល់ ៨៥,២ ពាន់លានដុល្លារ ដែលស្មើនឹងការកើនឡើងជិត ២០ ភាគរយធៀបនឹងឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មប្រចាំឆ្នាំបានកើនឡើងលើសពី ២០០ ពាន់លានដុល្លារ រយៈពេល ៣ ឆ្នាំជាប់គ្នាមកហើយ ។
 
ក្រុមអ្នកជំនាញ បានធ្វើការវិភាគថា គ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរនេះ គឺបានមកពីការដែលមានទំនុកចិត្តខ្ពស់ផ្នែកនយោបាយ និងសមត្ថភាពការពារឯករាជ្យភាពយុទ្ធសាស្ត្ររៀងៗខ្លួន ស្របពេលស្ថិរភាពសេដ្ឋកិច្ចដ៏រឹងមាំរបស់ចិនជាខ្នងបង្អែកដ៏គួរឱ្យទុកចិត្ត ។
 
កត្តាជំរុញដ៏សំខាន់មួយទៀត គឺការដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ ឬ Visa-free ទៅវិញទៅមក ដែលបានកាត់ផ្តាច់របាំងរដ្ឋបាល និងធ្វើឱ្យមានការផ្ទុះឡើងនូវកំណើនទេសចរណ៍យ៉ាងខ្លាំងក្លា នៅតាមទីក្រុងព្រំដែនចិន ព្រមទាំងជំរុញនូវការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បច្ចេកវិទ្យា WeChat Pay ពីសំណាក់ពលរដ្ឋរុស្ស៊ី ។
 
ស្របពេលជាមួយគ្នា ទីផ្សារទេសចរណ៍ជាច្រើនរបស់រុស្ស៊ី ក៏កំពុងតែទាក់ទាញខ្សែភ្នែក និងការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកប្រើប្រាស់ចិន ដែលនេះជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរទម្លាប់នៃការចំណាយឱ្យកាន់តែមានកម្រិតខ្ពស់ និងសម្បូរបែបជាងមុន ។
 
ទោះបីជាវិស័យទេសចរណ៍ និងពាណិជ្ជកម្មមានការកើនឡើងគំហុកក៏ដោយ ក៏សមាហរណកម្មសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ី នៅតែជួបចំណុចរាំងស្ទះ ដោយសារតែកង្វះខាតធនធានមនុស្ស និងអ្នកជំនាញជាន់ខ្ពស់ ដែលមានចំណេះដឹងច្បាស់លាស់លើផ្នែកភាសា និងប្រព័ន្ធច្បាប់នៃប្រទេសទាំងពីរ ។
 
ដើម្បីដោះស្រាយវិបត្តិនេះ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ បានសម្រេចចិត្តបើកព្រឹត្តិការណ៍ «ឆ្នាំអប់រំចិន-រុស្ស៊ី ២០២៦-២០២៧» ក្នុងគោលបំណងជំរុញនូវការផ្លាស់ប្តូរការសិក្សាជាក់ស្តែង និងបណ្តុះបណ្តាលអ្នកជំនាញជំនាន់ថ្មី ដើម្បីធ្វើជាសសរទ្រូងគាំទ្រដល់ចំណងមិត្តភាពការទូតឱ្យកាន់តែរឹងមាំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ China Daily | រូបភាព៖ VIORY/ Xinhua/ Shutter Stock.