លោក ពុទីន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំចិន នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
ចិន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ នាថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន ។
នៅមុនមេដឹកនាំរុស្ស៊ីទៅដល់ទីនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ «រង់ចាំតាមដាន» ឱ្យបានដិតដល់ ព្រោះនេះគឺជាដំណើរទស្សនកិច្ចលើកទី២៥ របស់លោក ពុទីន មកកាន់ប្រទេសចិន ចំពេលខួបអនុស្សាវរីយ៍លើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់រវាងរុស្ស៊ី និងចិន។ ក្រៅពីនេះ ឆ្នាំនេះក៏ជាខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ីផងដែរ។
ក្នុងកំឡុងបំពេញទស្សនកិច្ចនេះ លោក ពុទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង នឹងផ្លាស់ប្តូរមតិ និងជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលជាផលប្រយោជន៍រួម។ បន្ថែមលើនេះ លោក ពុទីន ក៏មានកម្មវិធីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) ដើម្បីផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីនាពេលនេះ ត្រូវគេរំពឹងថា នឹងផ្ដោតសំខាន់លើកិច្ចសម្របសម្រួលយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ខណៈប្រទេសទាំងពីរកំពុងស្វែងរកការរឹតចំណងសម្ព័ន្ធភាពឱ្យកាន់តែជិតស្និទ្ធ ចំពេលមានភាពតានតឹងជាមួយបក្សសម្ព័ន្ធលោកខាងលិច និងបម្រែបម្រួលសន្តិសុខសកល។ ព្រឹត្តិការណ៍នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទើបតែបានបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ដែលនៅក្នុងនោះ មេដឹកនាំចិននិងអាម៉េរិក បានព្រមព្រៀងគ្នាដើរតាមក្របខ័ណ្ឌ «ស្ថិរភាពជាយុទ្ធសាស្ត្រក្នុងន័យស្ថាបនា» សម្រាប់ទំនាក់ទំនងទៅថ្ងៃអនាគត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ RT/ VIORY