រថយន្តធុនធំក្រុមហ៊ុន វីរ:ប៊ុនថាំ រេចង្កូតបុករះបង្កការខូចខាតរថយន្ត២គ្រឿងដែលចតចោលនៅមុខផ្ទះ
ភ្នំពេញ៖ រថយន្តធុនធំដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ បានបើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងកាត់ស្ពានលេខ១ ផ្លូវជាតិលេខ៦ រេចង្កូតបុករះបង្កការខូចខាតដល់រថយន្ត២គ្រឿង ដែលចតចោលនៅមុខផ្ទះ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បន្ទាប់ពីបុករួចអ្នកបើកបររថយន្តបង្កនោះបានព្យាយាមបើករត់គេចជាង២គីឡូម៉ែត្រ រួចឈប់ចតចោលនៅចិញ្ចើមផ្លូវ ដោយរត់យករួចខ្លួនបាត់ បន្សល់ទុកមនុស្សច្រើននាក់ ដែលកំពុងគេងនៅក្នុងរថយន្តទាំងមិនដឹងថាមកពីអី។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងរថយន្តដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕