ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជំរុញឱ្យអ្នកប្រកបអាជីវកម្មខ្សាច់នៅខេត្តកណ្តាល ចូលរួមសហការអនុវត្តអាជីវកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវខ្ពស់

image

កណ្តាល៖ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋាន គ.ធ.ខ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះ

ផ្សព្វផ្សាយស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ដល់មន្ទីរអង្គភាពជុំវិញខេត្តកណ្តាល អាជ្ញាធរក្រុងស្រុកទាំង ១៣ និងមេឃុំ ចៅសង្កាត់។ 

លោក អាន ពេជ្រ ហត្ថដា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះគឺពង្រឹងការយល់ដឹង ដោយផ្តោតសំខាន់លើទិដ្ឋភាព សេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់បណ្តាស្ថាប័នអង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបំពេញការងារទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់។ 

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏ មានគោលដៅពង្រឹងកិច្ចសហការ ដោយជំរុញឱ្យបណ្តាក្រុមហ៊ុន-សហគ្រាស ដែលប្រកបអាជីវកម្មខ្សាច់ ចូលរួមសហការគ្នា និងបង្កើនការទទួលខុសត្រូវខ្ពស់ ព្រមទាំងធានាឱ្យបាននូវនិរន្តរភាព តាមរយៈការអនុវត្តអាជីវកម្មខ្សាច់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ច្បាប់អនុញ្ញាត និងរួមគ្នាកាត់បន្ថយសកម្មភាពអាជីវកម្មខ្សាច់អនាធិបតេយ្យ ឱ្យមកនៅកម្រិតអប្បបរមាផងដែរ។

បើយោងតាមលោក ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល បានឱ្យថឹងថា ខេត្តកណ្តាល គឺជាខេត្តដំបូងគេបង្អស់នៅទូទាំងប្រទេស ដែលបានរៀបចំនូវពិធីផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងបញ្ចៀសបានផលអវិជ្ជមានផ្សេងៗផងដែរ។ 

លោកអភិបាលរងខេត្ត បន្តទៀតថា ខ្សាច់គឺជាធនធានធម្មជាតិដ៏សំខាន់សម្រាប់វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង។ ទោះយ៉ាងណា ការធ្វើអាជីវកម្មខ្សាច់ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការរៀបចំយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋានបច្ចេកទេសម៉ឺងម៉ាត់ ជាកត្តាចាំបាច់បំផុត។

ក្នុងន័យនេះ យន្តការគ្រប់គ្រងគួរតែផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន ការផ្ដល់អាជ្ញាប័ណ្ណដោយតម្លាភាព, ការត្រួតពិនិត្យ និងវាយតម្លៃ, ការអនុវត្តបទដ្ឋានបច្ចេកទេស, ការចូលរួមពីសហគមន៍ និងសាធារណជន និងការពង្រឹងការអនុវត្តច្បាប់ ។

លោក ឱ្យដឹងបន្ថែមទៀតថា វិស័យរ៉ែនៅក្នុងខេត្តកណ្តាល បានចូលរួម បើធៀបនឹងខេត្តផ្សេងៗ ក្នុងចំណែកយ៉ាងសំខាន់នៅក្នុងចំណូលជាតិបានច្រើនណាស់។ ខេត្តកណ្តាល រកចំណូលពីវិស័យរ៉ែ លំដាប់លេខ១ នៅទូទាំងប្រទេស ក្នុងនោះគ្រាន់តែក្នុងឆ្នាំ២០២៤ ខេត្តកណ្តាល មានចំណូលពីវិស័យរ៉ែ ជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ប្រមូលបានថវិកាជូនរដ្ឋ ចំនួន ៣៧លានដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់គិតដល់ពន្ធផ្សេងៗ ដែលអាជីវកម្មខ្សាច់បានបង់ទាំងលើពន្ធគយ និងពន្ធដាផ្សេងទៀត ប្រមាណចូលជាង ៤០លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ ឈុន សុភ័ក្រ