ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងហូឡង់ដ៍ ដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា បំពេញទស្សនកិច្ចនៅទីក្រុងឡាអេ

image


 
ហូឡង់ដ៍៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅទីក្រុងឡាអេ ប្រទេសហូឡង់ដ៍ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះមហាក្សត្រ និងសហគមន៍ឥណ្ឌានៅទីនោះ។ ដំណើរទស្សនកិច្ចនេះ ទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ តាមរយៈការចុះហត្ថលេខាលើឯកសារសំខាន់ៗ និងប្រកាសដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យទៅជា «ដៃគូយុទ្ធសាស្ត្រ» ជាផ្លូវការ ។
 
មេដឹកនាំទាំងពីរ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗដូចជា វិស័យវិនិយោគ វិស័យការពារជាតិ នវានុវត្តន៍បច្ចេកវិទ្យា (បច្ចេកវិទ្យាបង្កើតថ្មី) និងនិរន្តរភាព។ លោក ម៉ូឌី បានសង្កត់ធ្ងន់ថា ហូឡង់ដ៍ គឺជាវិនិយោគិនដ៏ធំបំផុតមួយក្នុងចំណោមប្រទេសកំពូលទាំងប្រាំនៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឱ្យការចងសម្ព័ន្ធភាពថ្មីនេះ កាន់តែមានតម្លៃសេដ្ឋកិច្ច ។
 
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីហូឡង់ដ៍ លោក រ៉ូប ជែតធិន (Rob Jetten) បានអបអរសាទរចំពោះចំណងមិត្តភាពដ៏រឹងមាំនេះ និងបានលើកឡើងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងឥណ្ឌា គឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់។ កិច្ចព្រមព្រៀងកម្រិតតំបន់នេះ នឹងក្លាយជាកម្លាំងរុញច្រាន ជួយឱ្យប្រទេសទាំងពីរអាចពង្រីកការដោះដូរពាណិជ្ជកម្ម និងបើកចំហទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុនទ្វេដង ។
 
ដំណើរទស្សនកិច្ចនៅហូឡង់ដ៍ នាពេលនេះ គឺជាចំណែកមួយនៃបេសកកម្មការទូតយុទ្ធសាស្ត្ររបស់លោក ម៉ូឌី ក្នុងឆ្នាំ២០២៦ ទៅកាន់ប្រទេសចំនួនប្រាំនៅតំបន់អឺរ៉ុប និងឈូងសមុទ្រអារ៉ាប់។ យុទ្ធនាការការបរទេសដ៏មមាញឹកនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ក្នុងការស្វែងរកស្ថិរភាពពាណិជ្ជកម្ម ពង្រឹងសន្តិសុខថាមពលជាតិ និងស្ដារទំនាក់ទំនងពិភពលោករបស់ឥណ្ឌាជាមួយបណ្ដាប្រទេសរីកចម្រើន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.