ព័ត៌មានអន្តរជាតិ

មនុស្ស ៣ នាក់ស្លាប់ និង ៥ នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំនៅក្នុងតំបន់ជុំវិញទីក្រុងម៉ូស្គូ

image


 
រុស្ស៊ី៖ ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំមួយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ជុំវិញទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ យោងតាមអាជ្ញាធរក្នុងតំបន់ គ្រាប់បែក និងបំណែកដ្រូនបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ និងអគារស្នាក់នៅខ្ពស់ៗ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់, ៥ នាក់រងរបួស និងបង្កជាអគ្គិភ័យឆាបឆេះលំនៅឋានមួយចំនួននៅតំបន់ជាយក្រុង ។
 
ក្រៅពីការវាយប្រហារលើតំបន់ស៊ីវិល គោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រុស្ស៊ីក៏រងនូវការគំរាមកំហែងដូចគ្នាដែរ ជាក់ស្ដែងរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ ត្រូវដ្រូនវាយប្រហារចំច្រកចូលធំ (Main entrance) បណ្ដាលឱ្យកម្មកររោងចក្រចំនួន ១២ នាក់រងរបួស។ ទោះជាយ៉ាងណាក្ដី ក្រសួងការពារជាតិរុស្ស៊ី អះអាងពីភាពជោគជ័យនៃប្រព័ន្ធការពារអាកាស ដោយអាចបាញ់កម្ទេចដ្រូនរបស់អ៊ុយក្រែនបានរហូតដល់ទៅ ៥៥៦ គ្រឿងក្នុងរយៈពេលត្រឹមតែមួយយប់ ។
 
គិតមកទល់ពេលនេះ ភាគីអ៊ុយក្រែននៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ដោយកន្លងមករដ្ឋធានីគីវ តែងតែបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនដែលបានវាយប្រហារលើប្រជាជនស៊ីវិលឡើយ។ យុទ្ធនាការបាញ់ដ្រូនចូលទឹកដីរុស្ស៊ីលើកនេះ ធ្វើឡើងចំពេលដែលតំបន់ព្រំដែននៃប្រទេសទាំងពីរ កំពុងតែរងនូវការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកយ៉ាងចាស់ដៃពីសំណាក់កងទ័ពទាំងសងខាង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.