សង្គម

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងជំរុញការប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍

image


បាត់ដំបង៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងជំរុញការប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍។
ការសហការ និងជំរុញនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងការប្រឆាំងផលិតផលក្លែងក្លាយ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួនជាង ៤០០នាក់ ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើររួមគ្នាអភិវឌ្ឍមូលធនមនុស្សឱ្យមានប្រសិទ្ធភាព។

លោក ធូ ភា អភិបាលរង តំណាងអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ដោយបានលើកឡើងនូវសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ក្រាបករណីបារីអេឡិចត្រូនិច និង Vape សំដៅរក្សាឱ្យបាននូវសុវត្ថិភាពប្រជាពលរដ្ឋពិសេសយុវជនយុវនារី និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវប្រសាសន៍ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណកោតសរសើរចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍។
លោក បានលើកឡើងថា យុវជន គឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវជួយផ្សព្វផ្សាយនិងប្រើប្រាស់ App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។

ថ្លែងក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានថ្លែងថា សុខភាពគឺជីវិតហើយការអប់រំគឺការអភិវឌ្ឍ ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពសិក្សា រួមគ្នាបង្ការទប់ស្កាត់និងដោះស្រាយរាល់បញ្ហាផ្សេងៗ គាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនដែលជាទំពាំងស្នងឬស្សី។

លោក បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំ ផ្ដល់ចំណេះដឹងនិងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែម ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមនានា និងជំរុញការទាញយកប្រើប្រាស់ App NoDrug បង្កើនចំណេះដឹងបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវគឺ " រៀនឲ្យពូកែ រៀនឱ្យឆ្លាត "៕