លោក ណេតាយ៉ាហ៊ូ៖ អ៊ីស្រាអែល ត្រៀមលក្ខណៈរួចរាល់សម្រាប់រាល់ការប្រឈមមុខដាក់គ្នាជាមួយប្រទេសដទៃ
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក បេនចាមីន ណេតាយ៉ាហ៊ូ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់របស់ប្រទេសលោកសម្រាប់រាល់ការប្រឈមមុខដាក់គ្នា ទាំងការទប់ទល់នឹងប្រទេសអ៊ីរ៉ង់ និងការបន្តប្រតិបត្តិការក្នុងតំបន់។ លោកបានឆ្លៀតឱកាសជជែកតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ដើម្បីស្ដាប់ពីលទ្ធផលនៃទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងពិភាក្សាលើផែនការរួមគ្នាក្នុងការរឹតបន្តឹងសម្ពាធលើទីក្រុងតេហ៍រ៉ង់ ។
នៅក្នុងសមរភូមិក្នុងទីក្រុងហ្គាហ្សា អ៊ីស្រាអ៊ែលបានប្រកាសពីសមិទ្ធផលយោធាធំៗចំនួនពីរ គឺការវាយកម្ទេចលោក អ៊ីស អាល់ឌីន អាល់ហាត់ដាត (Izz al-Din al-Haddad) ដែលជាមេបញ្ជាការកំពូលនៃជួរកងទ័ពរបស់ក្រុមហាម៉ាស និងការវាយពង្រីកទឹកដីគ្រប់គ្រង។ លោក ណេតាយ៉ាហូ បានអះអាងថា ពេលនេះកងទ័ពអ៊ីស្រាអ៊ែល បានគ្រប់គ្រងដាច់លើផ្ទៃដីហ្គាហ្សារហូតដល់ទៅ ៦០% ទៅហើយ ដែលជាជំហានឈានទៅរកការបោសសម្អាតក្រុមប្រដាប់អាវុធនេះឱ្យអស់ពីទឹកដីខាងលើ ។
ដោយឡែក នៅឯទីសមរភូមិក្នុងប្រទេសលីបង់ កងទ័ពអ៊ីស្រាអ៊ែលនៅតែបន្តយុទ្ធនាការវាយលុក និងគ្រប់គ្រងទឹកដីយ៉ាងសកម្ម ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិកក៏ដោយ។ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ លោក ណេតាយ៉ាហ៊ូ បានបង្កើតក្រុមការងារបច្ចេកវិទ្យាពិសេសមួយ ដោយផ្ដល់កញ្ចប់ថវិកាឥតដែនកំណត់ ក្នុងគោលបំណងស្រាវជ្រាវ និងបង្កើតប្រព័ន្ធការពារការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក ដែលកំពុងតែយាយីសន្តិសុខជាតិ ។
ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែមានភាពរកាំរកូសខ្លាំង ទោះបីជាអាម៉េរិកបានខិតខំប្រកាសពន្យារបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងលីបង់ រហូតដល់ ៤៥ ថ្ងៃបន្ថែមទៀតនាពេលថ្មីៗនេះក៏ដោយ។ សារព្រមានក្ដៅៗរបស់លោក ត្រាំ ទៅកាន់អ៊ីរ៉ង់ និងការប្ដេជ្ញាចិត្តរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការកម្ចាត់មេដឹកនាំក្រុមហាម៉ាសឱ្យដល់ឫសគល់ បង្ហាញថាទិសដៅសង្គ្រាមអាចនឹងផ្ទុះឡើងកាន់តែខ្លាំង ប្រសិនបើការចរចាការទូតមិនអាចដោះស្រាយបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ trouw & independent on Microsoft Bing