មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះពង្រឹងការងារបច្ចេកទេស និងលើកកម្ពស់សោភ័ណភាព តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារបច្ចេកទេស និងការរៀបចំអនាម័យ បរិស្ថាន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរបំផុត។
នៅក្នុងបេសកកម្មនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្តោតសំខាន់លើការងារអាទិភាពការងារបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដោយមានកិច្ចសហការជាមួយលោក ស៊ាន សុីផាន ប្រធានអគ្គិសនីឃុំទន្លូង ដើម្បីពិនិត្យ និងរៀបចំតភ្ជាប់ប្រព័ន្ធទឹក-ភ្លើង ចូលក្នុងអគារស្នាក់នៅ និងអគារទទួលភ្ញៀវឱ្យបានរួចរាល់ជាស្ថាពរ។
លោកមេបញ្ជាការ ក៏បានណែនាំឱ្យក្រុមការងារសម្រុកសម្អាត និងរៀបចំទីតាំងសំខាន់ៗជាច្រើន រួមមាន អគារមិត្តភាព, ប្រាង្គព្រះអង្គគោកធ្លក, មហាចេតិយ, វេទិកា, តារាងបាល់ទាត់, ស្រះទឹក, សាលាសម្រេច, ចំណតឧទ្ធម្ភាគចក្រ ព្រមទាំងការកាត់ស្មៅ និងតម្រឹមដើមឈើឱ្យមានសណ្តាប់ធ្នាប់ ។
បញ្ជាក់ផងដែរថា ការចុះអនុវត្តការងារយ៉ាងសកម្មនេះ គឺធ្វើឡើងតាមប្រសាសន៍ណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការថែទាំ ការកសាង និងការដាំដើមឈើ ដើម្បីប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឱ្យកាន់តែមានភាពទាក់ទាញ និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ៕
អត្ថបទ៖ សុខ ផន