សង្គ្រាមនៅអ៊ីរ៉ង់ បំផ្លាញថវិកាក្រុមហ៊ុនលើពិភពលោកក្នុងតម្លៃប្រមាណជា ២៥ពាន់លានដុល្លារ ហើយការខាតបង់នឹងបន្តកើនឡើងបន្ថែមទៀត
អន្តរជាតិ៖ វិបត្តិសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអ៊ែល ជាមួយប្រទេសអ៊ីរ៉ង់ ដែលបានឈានចូលដល់ខែទីបី បាននិងកំពុងអង្រួនសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងក្លា ដោយសារតែស្ថានភាពនេះ បានដុតបំផ្លាញថវិការបស់ក្រុមហ៊ុននៅលើសកលលោក អស់យ៉ាងហោចណាស់ ២៥ ពាន់លានដុល្លាររួចទៅហើយ ចំពេលដែលទិន្នន័យខាតបង់នេះ ត្រូវគេព្យាករណ៍ថា នឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀត ។
ឫសគល់នៃសម្ពាធហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះ គឺបណ្តាលមកពីការដែលប្រទេសអ៊ីរ៉ង់ បានប្រើប្រាស់កម្លាំងយោធាបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវនាវាចរណ៍ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតលើលោក។ សកម្មភាពនេះ បានរុញច្រានឱ្យតម្លៃប្រេងពិភពលោកហក់ឡើងហួសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលស្មើនឹងការកើនឡើងជាង ៥០ ភាគរយភ្លាមៗ ។
ការកើនឡើងកម្ដៅសង្គ្រាម និងតម្លៃប្រេង បានបង្កើតជាខ្សែច្រវាក់វិបត្តិ រាប់ចាប់តាំងពីការកើនឡើងទ្វេដងនៃតម្លៃដឹកជញ្ជូនតាមកប៉ាល់ កង្វះខាតវត្ថុធាតុដើមគីមី ក៏ដូចជាការកាត់ផ្ដាច់ផ្លូវពាណិជ្ជកម្មអន្តរជាតិ។ ស្ថានភាពនេះ បានបង្ខំឱ្យក្រុមហ៊ុនជាង ២៧0 នៅទូទាំងពិភពលោក ត្រូវចាត់វិធានការការពារខ្លួនជាបន្ទាន់ តាមរយៈការកាត់បន្ថយការផលិត និងការផ្អាកចែកប្រាក់ភាគលាភ ។
ក្នុងចំណោមវិស័យដែលរងគ្រោះទាំងអស់ វិស័យអាកាសចរណ៍គឺជាអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែតម្លៃប្រេងយន្តហោះបានហក់ឡើងជិតទ្វេដង ដែលគិតជាទឹកប្រាក់ខាតបង់មានរហូតដល់ទៅជិត ១៥ ពាន់លានដុល្លារ។ ជាមួយគ្នានោះ ក្រុមហ៊ុនខ្នាតយក្សលំដាប់ពិភពលោក ដូចជា Toyota, P&G និងម៉ាក ដូណាល់ (McDonald's) ក៏បានចេញមុខប្រកាសអាសន្នពីការខាតបង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារផងដែរ ។
វិបត្តិនេះ ក៏បានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ទៅលើសមត្ថភាពទិញរបស់អតិថិជន ជាពិសេសក្រុមអ្នកមានប្រាក់ចំណូលទាប ដោយសារតែតម្លៃទំនិញ និងតម្លៃឧស្ម័ន (ហ្គាស) ឡើងថ្លៃខ្លាំង។ នាយកប្រតិបត្តិក្រុមហ៊ុន វើលភូល (Whirlpool) បានបង្ហាញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់កំពុងធ្លាក់ចុះដល់ចំណុចសូន្យ ដោយពួកគេលែងចង់ចំណាយលុយទិញរបស់ថ្មី ហើយងាកមកជួសជុលរបស់ចាស់ប្រើឡើងវិញតាមលទ្ធភាព ។
បើពិនិត្យលើទិដ្ឋភាពភូមិសាស្ត្រ តំបន់អឺរ៉ុប ចក្រភពអង់គ្លេស និងអាស៊ី គឺជាតំបន់ដែលរងការវាយប្រហារសេដ្ឋកិច្ចខ្លាំងជាងគេបំផុត។ ហេតុផលគឺដោយសារតែបណ្ដាប្រទេសនៅក្នុងតំបន់ទាំងនេះ មានការពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលថាមពលប្រេងឥន្ធនៈ និងផលិតផលគីមីឥន្ធនៈពីតំបន់មជ្ឈិមបូព៌ា ។
ទោះបីជាលទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទីមួយរបស់ក្រុមហ៊ុនធំៗហាក់បីដូចជានៅមានភាពល្អប្រសើរក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ចបានធ្វើការព្រមានថា នេះគ្រាន់តែជាខ្យល់ព្យុះដែលមិនទាន់មកដល់ពេញទំហឹងប៉ុណ្ណោះ។ សម្ពាធនៃការខាតបង់ពិតប្រាកដ នឹងចាប់ផ្ដើមលេចរូបរាងឡើងយ៉ាងខ្លាំងចាប់ពីត្រីមាសទីពីរ និងឆមាសទីពីរនៃឆ្នាំ២០២៦ នេះតទៅ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ File Photo/ (REUTERS/Lucy Nicholson/File Photo)