ចិនបង្ហាញសញ្ញាកាត់បន្ថយពន្ធគយ និងបើកចំហទីផ្សារកសិកម្មកាន់តែខ្លាំង ក្រោយជំនួបកំពូលរវាងមេដឹកនាំចិន-អាម៉េរិក
ប៉េកាំង, ចិន៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១៦ ឧសភា ថា ប្រទេសចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម តាមរយៈការកាត់បន្ថយពន្ធគយ ព្រមទាំងដោះស្រាយរបាំងពាណិជ្ជកម្មក្រៅពីពន្ធគយ និងបញ្ហានៃការនាំចូលទំនិញទៅកាន់ទីផ្សារ ក្រោយបញ្ចប់ជំនួបកំពូលនៅទីក្រុងប៉េកាំងសប្ដាហ៍នេះ។ ក្រសួងបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះ គឺជា «ជំហានដំបូង» ហើយនឹងត្រូវ «សម្រេចជាស្ថាពរឱ្យបានឆាប់បំផុត» បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
បច្ចុប្បន្ន ការនាំចូលកសិផលពីអាម៉េរិកមកចិន នៅតែប្រឈមនឹងការដំឡើងពន្ធបន្ថែម ១០% ដែលជាលទ្ធផលនៃការវាយបកដាក់ពន្ធគ្នាទៅវិញទៅមកកាលពីឆ្នាំមុន។ កត្តានេះ ធ្វើឱ្យទំហំពាណិជ្ជកម្មធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៦៥,៧% (ស្មើនឹង ៨,៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥។ ក្រសួងពាណិជ្ជកម្មចិន បន្តថា ភាគីទាំងពីរមានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី តាមរយៈការកាត់បន្ថយពន្ធទៅវិញទៅមកលើមុខទំនិញជាច្រើនប្រភេទ ប៉ុន្តែមិនទាន់បានបញ្ជាក់លម្អិតថាជាផលិតផលណាខ្លះនោះទេ។
ប្រទេសចិន បានចាប់ផ្តើមទិញកសិផលពីអាម៉េរិកឡើងវិញខ្លះៗ ចាប់តាំងពីកិច្ចប្រជុំកាលពីខែតុលា ដោយបានបំពេញតាមការប្ដេជ្ញាចិត្តក្នុងការទិញសណ្តែកសៀងចំនួន ១២ លានតោន ត្រឹមចុងខែកុម្ភៈ ព្រមទាំងបានទិញស្រូវសាលី និងពោត (ប្រភេទ Sorghum) ក្នុងបរិមាណដ៏ច្រើនផងដែរ។ អ្នកតាមដានទីផ្សាររំពឹងថា ការកាត់បន្ថយពន្ធ ១០% លើសណ្តែកសៀង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចិនអាចចូលទិញផលិតផលនេះឡើងវិញបាន បន្ទាប់ពីកាលពីឆ្នាំមុនមានតែក្រុមហ៊ុនរដ្ឋប៉ុណ្ណោះដែលជាអ្នកបញ្ជាទិញ។ លោក Johnny Xiang ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ AgRadar បានលើកឡើងថា ការកាត់បន្ថយពន្ធនេះ នឹងធ្វើឱ្យពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរវិលទៅរកភាពប្រក្រតីឡើងវិញ។
ក្រសួងពាណិជ្ជកម្មចិន បន្ថែមថា ភាគីទាំងពីរបានយល់ព្រម «ដោះស្រាយ ឬធ្វើឱ្យមានវឌ្ឍនភាពសំខាន់ៗ» លើរបាំងពាណិជ្ជកម្មដទៃទៀត។ ចិននឹងដោះស្រាយក្ដីបារម្ភរបស់អាម៉េរិកជុំវិញការចុះបញ្ជីរោងចក្រសាច់គោ និងការនាំចេញសាច់បក្សីពីសហរដ្ឋអាម៉េរិក។ កាលពីថ្ងៃសុក្រ ទីក្រុងប៉េកាំង បានយល់ព្រមបន្តសុពលភាពចុះបញ្ជីរយៈពេល ៥ ឆ្នាំបន្ថែមទៀតដល់រោងចក្រសាច់គោអាម៉េរិកចំនួន ៤២៥ កន្លែង និងបានអនុម័តចុះបញ្ជីថ្មីជូនរោងចក្រចំនួន ៧៧ ផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្មអាម៉េរិក លោកស្រី Brooke Rollins បានសរសេរលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ថា ចិនបានយល់ព្រមអនុវត្តតាមការប្ដេជ្ញាចិត្តជុំវិញរឿងសាច់គោ រួមទាំងការបើកផ្លូវនាំចូលឡើងវិញពីសហរដ្ឋអាម៉េរិកចំនួន ១៧ រដ្ឋ។ ទន្ទឹមគ្នានោះ លោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា អាម៉េរិករំពឹងថាចិននឹងបញ្ជាទិញកសិផលក្នុងតម្លៃ «រាប់សិបពាន់លានដុល្លារ» ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ទោះបីជាភាគីទាំងមិនទាន់បញ្ចេញព័ត៌មានលម្អិតពីទំហំ និងបរិមាណជាក់ស្ដែងក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (Pool via REUTERS/Kenny Holston)/ (EPA Images pic)/ (Getty Images/AFP)