ព័ត៌មានអន្តរជាតិ

WHO ប្រកាសកំណត់ជំងឺអេបូឡាដែលផ្ទុះឡើងវិញនៅកុងហ្គោ និងអ៊ូហ្គង់ដា ជាគ្រោះអាសន្នអន្តរជាតិ

image

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា ស្ថិតក្នុងស្ថានភាពអាសន្នសុខភាពជាអន្តរជាតិ បន្ទាប់ពីជំងឺអេបូឡាបានឆ្លងរាលដាលឆ្លងដែន និងបានសម្លាប់មនុស្សកើនឡើងដល់ ៨០ នាក់ ក្នុងខេត្ត Ituri ប្រទេសកុងហ្គោ និងករណីសង្ស័យសរុបមានចំនួន ២៤៦ ករណីឯណោះ។ ទោះបីជា WHO បញ្ជាក់ថា វីរុសប្រភេទថ្មីនេះ មិនទាន់បង្កជាគ្រោះអាសន្នរាតត្បាតសកលក៏ដោយ ប៉ុន្តែការរកឃើញអ្នកឆ្លងនៅក្នុងរដ្ឋធានីនៃប្រទេសទាំងពីរ បានធ្វើឱ្យមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះឡើងទ្រង់ទ្រាយធំ ។
 
ការឆ្លងរាលដាលយ៉ាងលឿននេះ បណ្ដាលមកពីអ្នកជំងឺបានធ្វើដំណើរចេញពីតំបន់រុករករ៉ែដែលមានមនុស្សអ៊ូអរ ដើម្បីទៅស្វែងរកសេវាព្យាបាលនៅតាមក្រុងធំៗ ដែលបង្កឱ្យមាន «ការឆ្លងក្នុងសហគមន៍យ៉ាងសកម្ម»។ ស្ថានភាពនេះ បានបង្កើតជាក្ដីបារម្ភ និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់ ខណៈដែលបុគ្គលិកសុខាភិបាលកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រឹងការពិនិត្យសុខភាព និងតាមដានស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវចេញពីខ្លួនអ្នកជំងឺ ។
 
ឧបសគ្គធំបំផុតក្នុងការគ្រប់គ្រងវិបត្តិនេះ គឺបញ្ហាអសន្តិសុខដែលបង្កឡើងដោយក្រុមឧទ្ទាម (IS) នៅក្នុងខេត្ត Ituri រួមផ្សំនឹងភូមិសាស្ត្រដ៏ដាច់ស្រយាលដែលមានចម្ងាយរហូតដល់ ១,០០០ គីឡូម៉ែត្រពីរដ្ឋធានី។ កត្តាទាំងនេះ បានធ្វើឱ្យការដឹកជញ្ជូនឧបករណ៍វេជ្ជសាស្ត្រ វ៉ាក់សាំង និងការចុះអន្តរាគមន៍របស់ក្រុមគ្រូពេទ្យជួបការលំបាកយ៉ាងខ្លាំង បើទោះបីជាប្រទេសកុងហ្គោមានបទពិសោធន៍ជោគជាំក្នុងការបង្ក្រាបជំងឺអេបូឡាកាលពីអតីតកាលក៏ដោយ ៕
 
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Guardian | រូបភាព៖ (Anadolu/Getty Images)/ (Al-hadji Kudra Maliro/AP Photo).