ព័ត៌មានអន្តរជាតិ

លោកត្រាំ សង្កត់ធ្ងន់លើការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅចិន

image

សហរដ្ឋអាម៉េរិក៖ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅពេលត្រឡប់ទៅដល់សេតវិមានវិញ កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំងក្រោយបន្ទាប់ពីបំពេញទស្សនកិច្ចនៅឯប្រទេសចិន ដោយលោកចាត់ទុកដំណើរទស្សនកិច្ចនេះ ថាជាជោគជ័យជាប្រវត្តិសាស្ត្រ ។

 

លោកសង្កត់ធ្ងន់លើការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ និងការកសាងទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតី ស៊ី ជីនពីង ដែលលោកជឿថានឹងផ្ដល់ផលចំណេញយ៉ាងច្រើនដល់សហរដ្ឋអាម៉េរិកនាពេលខាងមុខ ។

 

ក្នុងជំនួបចុងក្រោយនៅឯវិមានជុងណានហៃ (Zhongnanhai) លោក ត្រាំ ទទួលបានការទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុត ដែលសូម្បីតែមេដឹកនាំបរទេសផ្សេងទៀតក៏កម្រនឹងទទួលបានដែរ។ បន្ថែមពីលើរឿងពាណិជ្ជកម្ម មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើបញ្ហាអន្តរជាតិសំខាន់ៗ ជាពិសេសគឺចង់ឱ្យមានការបញ្ចប់ជម្លោះនៅប្រទេសអ៊ីរ៉ង់ ។

 

ទោះជាយ៉ាងណាក៏ដោយ បញ្ហាសន្តិសុខនៅតែជាចំណុចរសើប ខណៈលោក ស៊ី ជីនពីង បានព្រមានចំៗអំពីបន្ទាត់ក្រហមនៃបញ្ហាកោះតៃវ៉ាន់ និងការជៀសវាងជម្លោះរវាងមហាអំណាចថ្មី និងចាស់។ លោក ស៊ី បានក្រើនរំឭកឱ្យអាម៉េរិកប្រុងប្រយ័ត្នក្នុងការរក្សាទំនាក់ទំនង ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមដែលគ្មានអ្នកឈ្នះ ។

 

ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយបរិយាកាសវិជ្ជមានជាច្រើន ស្របពេលលោកប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅសេតវិមាននាខែកញ្ញាខាងមុខ ដែលវានឹងក្លាយជាការសាកល្បងថ្មីមួយទៀតសម្រាប់ស្ថិរភាពយុទ្ធសាស្ត្ររវាងមហាអំណាចសេដ្ឋកិច្ចធំៗទាំងពីរលើពិភពលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.