សម្ដេចតេជោ អំពាវនាវឱ្យរួមគ្នាបន្តយកចិត្ដទុកដាក់ធ្វើជាបង្អែករបស់កងទ័ព ទាំងសម្ភារ: និងធនធាន ពិសេសផ្ដោតការជួយកូនៗ និងគ្រួសាររបស់កងទ័ពពលី
ព្រៃវែង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា មានប្រសាសន៍អំពាវនាវថា សូមបន្ដយកចិត្ដទុកដាក់ធ្វើជាបង្អែករបស់បងប្អូនកងទ័ពគ្រប់រូបដែលនៅសមរភូមិ ទាំងការលើកទឹកចិត្ដ តាំងសម្ភារៈ និងធនធាន ហើយមិនត្រឹមតែប៉ុណ្ណោះទេ គ្រួសារកងទ័ព ឪពុកម្ដាយ កូន ប្រពន្ធ ជាដើម ដើម្បីកុំឲ្យគ្រួសារកងទ័ពមានអារម្មណ៍ឯកា ហើយក៏ដើម្បីឲ្យកងទ័ពដែលរបស់យើងកក់ក្ដៅ និងកាន់តែមានទំនុកចិត្ដ។
មានប្រសាសន៍បែបនេះ នាឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា អញ្ជើញ សម្ភោធអគារ ៦ មករា រួមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ដព្រៃវែង និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញខេត្ដព្រៃវែង។
សម្ដេចតេជោ បានថ្លែងបន្ដថា សម្ដេចយល់ច្បាស់អំពីអារម្មណ៍របស់កងទ័ពដែលកំពុងឈរជើង ព្រោះអតីតកាលសម្ដេចក៏ជាកងទ័ពដែលនៅសមរភូមិមុខ ធ្លាប់ជួបរឿងឈឺចិត្ដ និងមានទុកលំបាកដែលបារម្ភពីក្រុមគ្រួសារដែលនៅឆ្ងាយផងដែរ។
សម្ដេចតេជោ បានណែនាំឲ្យផ្ដល់ អាហារូបករណ៍ ដល់ក្រុមគ្រួសារ និងកូនៗរបស់កងទ័ពពលីដើម្បីពួកគេមានលទ្ធភាពបានទទួលបានការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ និងដើម្បីឲ្យពួកគាត់មានអារម្មណ៍កក់ក្ដៅទោះនៅពេលដែលអត់ពីបង្អែកគ្រួសារទៅហើយតែនៅតែទទួលបានការយកចិត្ដទុកដាក់៕
អត្ថបទ ៖ ឈឹម ធីតា
រូបភាព ៖ ង៉ាន់ សំណាង