ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអាស៊ាន កោតសរសើរនិស្សិតកម្ពុជា ដែលបានបង្ហាញពីសមត្ថភាព និងសក្តានុពលលើឆាកបច្ចេកវិទ្យាអន្តរជាតិ ក្រោយឈ្នះពាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កម្រិតអាស៊ីប៉ាស៊ីហ្វិក

image

ឥណ្ឌូណេស៊ី៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះនិស្សិតកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រកួតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចាត់ទុកថា នេះជាសក្ខីភាពបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជា លើឆាកបច្ចេកវិទ្យាអន្តរជាតិ។


ក្នុងជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជា លោកបណ្ឌិត កៅ គឹមហួន បានចាត់ទុកការប្រកួតប្រជែងប្រចាំឆ្នាំនេះ ថា ជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា AI និងនវានុវត្តន៍របស់យុវជនមកពីបណ្តាប្រទេសអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។


លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរដល់និស្សិតកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ដោយលើកឡើងថា ជោគជ័យដែលទទួលបាន គឺជាលទ្ធផលនៃការតស៊ូ ព្យាយាម និងភាពវៃឆ្លាតរបស់យុវជនកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយសិស្សនិស្សិតមកពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់។
អគ្គលេខាធិការអាស៊ានរូបនេះ ក៏បានជំរុញទឹកចិត្តឱ្យនិស្សិតបន្តការសិក្សាស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍតំបន់នាពេលអនាគត។

លោកបណ្ឌិត កៅ គឹមហួន សង្ឃឹមថា ការឈ្នះ ឬការទទួលបានជោគជ័យក្នុងឆ្នាំនេះ នឹងក្លាយជាកម្លាំងចិត្តឱ្យយុវជនកម្ពុជា បន្តសិក្សាស្រាវជ្រាវ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ និស្សិតកម្ពុជាមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានបង្ហាញស្នាដៃច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ ក្រុមហ៊ុន Huawei ដើម្បីគាំទ្រឧស្សាហកម្មកាត់ដេរ តាមរយៈការរកឃើញកំហុសឆ្គងឆ្លាតវៃ និងដំណោះស្រាយត្រួតពិនិត្យគុណភាព ក្នុងការប្រកួត Huawei ICT APAC 2026 នៅទីស្នាក់ការកណ្តាលអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។


កម្មវិធីនេះ ដែលគាំទ្រដោយមូលនិធិអាស៊ាន និងរៀបចំដោយ ក្រុមហ៊ុន Huawei ដោយមាននិស្សិតជាង ៨,៦០០នាក់ មកពី ១៣ប្រទេស ចូលរួមប្រកួតប្រជែងលើផ្នែក Cloud, Network, Computing និង Innovation ក្រោមវត្តមានលោក កៅ គឹមហួន និងថ្នាក់ដឹកនាំមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។


ជាលទ្ធផល និស្សិត AUPP ទទួលបានពានរង្វាន់នវានុវត្តន៍ AI ចំណាត់ថ្នាក់លេខ២ និងមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រសកល នៅទីក្រុង Shenzhen(ហ្សិនជិន) ប្រទេសចិន នាខែមិថុនាខាងមុខ ខណៈនិស្សិតសាលាតិចណូ ទទួលបានពានរង្វាន់នវានុវត្តន៍ AI ចំណាត់ថ្នាក់លេខ៣។ ជាមួយគ្នានេះ និស្សិត AUPP ក៏ទទួលបានពានរង្វាន់ផ្នែក Network និង Cloud ចំណាត់ថ្នាក់លេខ៣ផងដែរ។


ជោគជ័យនេះ មិនត្រឹមតែលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការត្រៀមខ្លួនដើរឱ្យទាន់បដិវត្តន៍ឌីជីថលពិភពលោកផងដែរ។
ក្នុងឱកាសនោះ លោក កៅ គឹមហួន ក៏បានកោតសរសើរដល់ក្រុមហ៊ុន Huawei និងយន្តការនានារបស់អាស៊ាន ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនបង្ហាញសមត្ថភាព និងបង្កើនបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាទំនើប៕