អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរឯកឧត្តមបណ្ឌិត សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសថ្ងៃខួបកំណើត
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរឯកឧត្តមបណ្ឌិត សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសថ្ងៃខួបកំណើត។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ក្នុងឱកាសដ៏ប្រសើរប្រពៃថ្លៃថ្លានៃខួបកំណើតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវក្តីអំណរសាទរឥតឧបមា និងសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលាំងមាំមួន បញ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យ កាន់តែរីកចម្រើន និងជោគជ័យនូវសមិទ្ធិផលធំៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពកោតសរសើរដោយស្មោះចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីជាឧត្តមប្រយោជន៍ដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍”៕