អតីតអគ្គស្នងការនគរបាលជាតិហ្វីលីពីន រត់គេចខ្លួនចេញពីវិមានព្រឹទ្ធសភា ក្រោយព្យាយាមសម្ងំគេចចេញពីដីកាចាប់ខ្លួនរបស់តុលាការ ICC អស់ជាច្រើនថ្ងៃ
ហ្វីលីពីន៖ នៅក្នុងសន្និសីទកាសែតនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន លោកស្រី ឃ្លែ ខាសស្ត្រូ (Claire Castro) បានបញ្ជាក់ពីរបាយការណ៍ថា សមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald dela Rosa) បានរត់គេចខ្លួនចេញពីវិមានព្រឹទ្ធសភាបាត់ទៅហើយ។ លោកបានប្រើប្រាស់វិមាននីតិបញ្ញត្តិនេះ ជាទីកន្លែងលាក់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីការពារខ្លួនពីដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចោទលោកពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
អ្នកនាំពាក្យវិមានប្រធានាធិបតី បានទម្លាយឱ្យដឹងពីមូលហេតុនៃភាពចលាចលកាលពីយប់ថ្ងៃពុធថា គឺបង្កឡើងដោយការយល់ច្រឡំ និងការបាញ់ប្រហារគ្នារវាងឆ្មាំសន្តិសុខព្រឹទ្ធសភា និងទីភ្នាក់ងារស៊ើបអង្កេតជាតិ (NBI)។ ហេតុការណ៍បាញ់ព្រមានដាក់គ្នាទៅវិញទៅមកនេះ បានធ្វើឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង នៅស្របពេលដែលសមត្ថកិច្ចកំពុងព្យាយាមចូលទៅចាប់ខ្លួនអតីតអគ្គស្នងការនគរបាលជាតិហ្វីលីពីន វ័យ ៦៤ ឆ្នាំរូបនេះ ។
លោក dela Rosa គឺជាតួអង្គសំខាន់បំផុតទីពីរ បន្ទាប់ពីអតីតប្រធានាធិបតី ឌូទើតេ ក្នុងការដឹកនាំយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏សាហាវ ដែលបណ្ដាលឱ្យមនុស្សប្រហែល ៦,១១៧ នាក់បាត់បង់ជីវិត។ ការចាកចេញពីព្រឹទ្ធសភាដោយសម្ងាត់របស់លោកនាពេលនេះ បានចោទជាសំណួរយ៉ាងច្រើនអំពីប្រសិទ្ធភាពនៃយុត្តិធម៌ និងការអនុវត្តច្បាប់អន្តរជាតិនៅក្នុងប្រទេសមួយនេះ ។
បច្ចុប្បន្ន អាជ្ញាធរហ្វីលីពីនមិនទាន់បើកប្រតិបត្តិការតាមប្រមាញ់លោក dela Rosa នៅឡើយទេ ខណៈកំពុងរង់ចាំការបញ្ជាក់ជាផ្លូវការអំពីកន្លែងលាក់ខ្លួនថ្មីរបស់លោក។ វិបត្តិនេះ បានក្លាយជាការសាកល្បងដ៏ធំសម្រាប់រដ្ឋាភិបាលលោក ម៉ាកូស ក្នុងការសម្រេចចិត្តថាតើត្រូវសហការជាមួយតុលាការ ICC ឬត្រូវការពារសម្ព័ន្ធមិត្តនយោបាយចាស់របស់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Al Jazeera/ Reuters/ VIORY