ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ប្រាប់មេដឹកនាំអាម៉េរិកថា បញ្ហាតៃវ៉ាន់គឺជាចំណុចរសើបបំផុតដែលកំណត់វាសនានៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ

image


 
ចិន៖ នៅក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ស៊ី ជីនពីង បានផ្ញើសារទៅកាន់សមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់គឺជាចំណុចរសើបបំផុតដែលអាចកំណត់វាសនានៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។ លោកបញ្ជាក់ថា ស្ថិរភាពរវាងចិន និងអាម៉េរិក អាស្រ័យទាំងស្រុងលើរបៀបដែលភាគីអាម៉េរិកចាត់ចែងលើបញ្ហានេះ ។
 
លោក ស៊ី បញ្ជាក់បន្ថែមថា បើបញ្ហាតៃវ៉ាន់ត្រូវគេយកមកលេងសើច ឬដោះស្រាយមិនបានត្រឹមត្រូវ វានឹងរុញច្រានប្រទេសទាំងពីរឱ្យឈានទៅរកការប៉ះទង្គិចគ្នាដោយអាវុធជាក់ជាមិនខាន។ ការព្រមាននេះ ធ្វើឡើងក្នុងគោលបំណងឱ្យអាម៉េរិកយល់ពីបន្ទាត់ក្រហមរបស់ចិន ដែលមិនអាចរំលោភបំពានបានឡើយ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុតសម្រាប់ពិភពលោកទាំងមូល ។
 
ចំណែកលោក ត្រាំ ត្រូវគេសង្កេតឃើញថាមានទឹកមុខម៉ឺងម៉ាត់ ក្នុងអំឡុងពេលចាប់ដៃជាមួយមេដឹកនាំចិន។ ក្រៅពីបញ្ហានយោបាយ អាម៉េរិកក៏កំពុងព្យាយាមចរចាលើផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗ ដូចជាការសុំឱ្យចិនបន្តនាំចេញរ៉ែកម្រ និងកិច្ចព្រមព្រៀងលើវិស័យយន្តហោះ ថាមពល និងកសិកម្ម ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។
 
ដំណើរទស្សនកិច្ចដែលត្រូវបានពន្យារពេលដោយសារតែសង្គ្រាមអ៊ីរ៉ង់ខាងលើនេះ គឺជាឱកាសដ៏សំខាន់សម្រាប់មេដឹកនាំទាំងពីរ ក្នុងការដោះស្រាយភាពមិនស៊ីច្រវាក់គ្នាដែលនៅសេសសល់តាំងពីជំនួបនៅកូរ៉េខាងត្បូង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ ​CGTN via VIORY/ Adobe Stock