ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុបជិត១៨ម៉ឺននាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួនជិត១៨ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

-------------
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា “រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧ម៉ឺនពាន់ ២រយ ៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧ម៉ឺន ៧ពាន់ ៨រយ ៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១ម៉ឺន ៩ពាន់ ៣រយ ២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦ម៉ឺន ២ពាន់ ៣រយ ៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥ម៉ឺន ៧ពាន់ ៩រយ ៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១ម៉ឺន ៥ពាន់ ៤រយ ៧៩នាក់។ នេះជាការថ្លែងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ (១២ ឧសភា ) ក្នុងអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ជា សុមេធី បានបន្តថា “អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានគិតគូរដោះស្រាយកែសម្រួល បន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ផ្អែកតាមស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចជាតិ ស្របតាមគុណបំណាច់ របស់បងប្អូនចំពោះជាតិមាតុភូមិ។ មកដល់បច្ចុប្បន្ន បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលទទួល បានរបបសន្តិសុខសង្គមទាបបំផុតចំនួន ៨៤ម៉ឺន ៥ពាន់រៀល ព្រមទាំងដំឡើងប្រាក់វិភាជន៍គ្រួសារជាបន្ត បន្ទាប់ផងដែរ។ លើសពីនេះ ក្រសួងបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជន នឹងអតីតមន្ត្រី រាជការស៊ីវិល តាមរយៈការផ្តល់កាតអេធីអឹម (ATM) សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ស្របតាមសម័យកាលបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការត្រៀមថវិកាបម្រុងសម្រាប់ដោះស្រាយប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារ សពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់ឧបត្ថម្ភបូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារ សពជនពិការជាអតីតយុទ្ធជនដែលទទួលមរណភាព។ ជាលទ្ធផល គឺបានពន្លឿននីតិវិធីបែបបទផ្តល់ ប្រាក់បានឆាប់រហ័ស និងបានសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះប្រគល់ប្រាក់ ដល់លំនៅដ្ឋានបានទាន់ពេលវេលា។ ដោយឡែកចំពោះរបបថែទាំសុខភាពវិញ រាជរដ្ឋាភិបាលបានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស. ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និង បានផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជន មរណៈជាអតីតយុទ្ធជនដើម្បីអាចទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបង់ប្រាក់ ព្រមទាំងបានអនុវត្តនូវគោលនយោបាយផ្តល់សម្បទានដីសង្គមកិច្ច កសាងលំនៅដ្ឋាន ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ តាមរយៈគម្រោងជាច្រើនដើម្បីកែលម្អជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែប្រសើរឡើងស្របតាមស្ថានភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ៥០,០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០,០០០រៀល ជូនដល់អតីតយុទ្ធជន និងអតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារជនពលី មរណៈផងដែរ។
ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា “ជារួមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជា បានសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និង ដៃគូអភិវឌ្ឍនានាក្នុងការជួយដល់អតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវសេវាសាធារណៈផ្សេងៗ ដូច ជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តល់សម្បទានដីសង្គមកិច្ច ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការ ទទួលជំនួយសង្គ្រោះបន្ទាន់ និងការចូលរួមសកម្មភាពសិល្បៈ កីឡាជាដើម”៕