ករណីឃាតកម្មនៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហេីយ
ព្រះសីហនុ៖ មានករណីឃាតកម្មដ៏សាហាវមួយ ដោយឃាតកបានសម្លាប់ស្ត្រីរងគ្រោះ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១:៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះ (សព)ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ (មានស្នាមរបួសដាច់រយះសាច់បំពង់ក ១កន្លែង)។ ចំណែកជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីនេះជាករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យភេទស្រីម្នាក់បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ដោយមានការឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារកជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។
ករណីនេះក្រោយពេលទទួលព័ត៌មានបាននូវរឿងហេតុខាងលើភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ៣:២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។
យោងតាមចម្លើយសាភាពរបស់ជនសង្ស័យថា កន្លងមក ជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា ហើយស្រលាញ់គ្នាប្រហែល ២ឆ្នាំ មកហើយ៕