ព័ត៌មានជាតិ

តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ និងរឹបអូសទំនិញគេចពន្ធជាច្រើន

image

ស្ទឹងត្រែង៖ អ្នកនាំពាក្សាលាដំបូងខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការនាំចូលទំនិញ

គេចពន្ធ ដែលបានប្រព្រឹត្តទៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំ

ខ្លួនបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិខ្មែរចំនួន ៤នាក់ រួមមាន ឈ្មោះ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និង តេង គឹមហុង។ ដោយឡែកជនសង្ស័យមួយចំនួនទៀត រួមមាន បុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរឈ្មោះSOONG ព្រមទាំងបក្ខពួក កំពុងរត់គេចខ្លួន។ ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទល្មើសសំខាន់ៗចំនួនពីរបទល្មើស ទី១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ទី២-សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ។

     

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះ រួមមាន មន្ត្រីគយ និងរដ្ឋាករ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងក្រុម ហ៊ុនស្ទឹងត្រែងសេកុង អឹមផត អិចផត ឯ.ក ស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ដោយបានដកហូតវត្ថុ តាងរួមមាន បារីចិនចម្រុះម៉ាកជាច្រើនប៊ិច ស្រាចម្រុះម៉ាកជាច្រើនកេស កុំព្យូទ័រយួរដៃប្រើរួច ម៉ាក DELL ចំនួន១២គ្រឿង ទូរស័ព្ទដៃប្រើរួច ម៉ាក Iphone ចំនួន៦៧៥គ្រឿង Wifi Router ប្រើរួចម៉ាក ASUS ចំនួន១២គ្រឿង Key Bourd ប្រើរួច ម៉ាក AOC ចំនួន២២០គ្រឿង កុំព្យូទ័រប្រើរួចALL IN ONE ម៉ាក CX&KL ចំនួន៦៨គ្រឿង CPUម៉ាកWJCOOLMAN ចំនួន២ គ្រឿង ទូរស័ព្ទថ្មី ម៉ាកHMD ចំនួន៦៣គ្រឿង IPAD ចំនួន២៥គ្រឿង សម្ភារប្រើប្រាស់ និងម្សៅដីចំនួន១០កេស និងឃាត់ ខ្លួនជនជាតិខ្មែរចំនួន៤ (បួន) នាក់ ដែលមានអត្តសញ្ញាណដូចខាងលើ ដែលបទ

ល្មើសនេះប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។

     

បច្ចុប្បន្នជនត្រូវចោទខាងលើដែលនៅក្នុងឃុំ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីគយ និងរដ្ឋាករ។

សូមបញ្ជាក់ថា ក្រុមហ៊ុនស្ទឹងត្រែងសេកុង អឹមផត អិចផត ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវ និងទំនិញដឹកចេញ ដឹកចូល រវាងកម្ពុជា-ឡាវ និងឡាវ-កម្ពុជា៕

ដោយ៖ ម៉ាក មេត្តា