លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ពលរដ្ឋ ជាពិសេស សម្រាប់ពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) បានផ្តាំផ្ញើដល់សិស្សចៅក្រម, សិស្សព្រះរាជអាជ្ញា, សិស្សក្រឡាបញ្ជី, សិស្សអាជ្ញាសាលា និងសិស្សសារការី នៅពេលក្លាយខ្លួនជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ពលរដ្ឋ ជាពិសេស សម្រាប់ពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌។
ការផ្តាំផ្ញើនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលសម្រាប់វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃទី១៣ ខែឧសភា។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យហើយចេញទៅប្រកបវិជ្ជាជីវៈ, ត្រូវខិតខំបំពេញមុខងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីសមត្ថភាព ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ, ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី និងឧត្តមគតិ ថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌”។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ការប្រកាន់ខ្ជាប់នូវស្មារតីនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីនៅក្នុងវិស័យយុត្តិធម៌។”
លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍ក្នុងការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានា ដែលគោលការណ៍នេះក៏ត្រូវបានអនុវត្តនៅក្នុងវិស័យយុត្តិធម៌ផងដែរ ពិសេស ក្នុងការចាប់ប៉ុស្តិ៍ទៅបំពេញការងារនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ហើយគោលការណ៍នេះ នឹងត្រូវបន្តយកមកអនុវត្តនៅពេលចេញទៅបំពេញការងារផងដែរ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា, សិស្សក្រឡាបញ្ជី, សិស្សអាជ្ញាសាលា និងសិស្សសារការីទាំងអស់ នូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងគ្រូបង្គោលទាំងអស់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈទាំងអស់ស្របតាមផែនការដែលបានគ្រោងទុក៕
អត្ថបទ៖ សុភ័ស្ស