ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌូណេស៊ីរាប់ពាន់នាក់រងផលប៉ះពាល់​ ក្រោយទឹកជំនន់វាយប្រហារក្រុង Kendari

image


 
ឥណ្ឌូណេស៊ី៖ ទីក្រុង កេនដារី (Kendari) ប្រទេសឥណ្ឌូនេស៊ី រងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោកជាំកាលពីថ្ងៃអង្គារ។ គ្រោះមហន្តរាយធម្មជាតិនេះ បានធ្វើឱ្យតំបន់មួយចំនួនលិចលង់ទាំងស្រុង ដោយបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់រងផលវិបាក និងបង្ខំឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីលំនៅឋានទៅរកទីកន្លែងមានសុវត្ថិភាព ។
 
ផ្ទះសម្បែងប្រហែល ១,៣០០ ខ្នងរងនូវផលប៉ះពាល់ ដែលក្នុងនោះជាងពាក់កណ្តាលត្រូវទឹកជន់លិចស្ទើរតែទាំងស្រុង ក្រោយកម្រិតទឹកទន្លេ វ៉ាងហ្គូ (Wanggu) ហក់ឡើងខ្ពស់រហូតហូរហៀរចូលតំបន់លំនៅឋានពលរដ្ឋ។ ប្រជាពលរដ្ឋត្រូវបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក្នុងផ្ទះជាច្រើន ដោយសារតែជន់លិចយ៉ាងលឿននៅពេលទៀបភ្លឺ ដែលធ្វើឱ្យពួកគេមិនអាចរៀបចំទុកដាក់ទាន់ពេលឡើយ ។
 
ជុំវិញគ្រោះទឹកជំនន់នេះ អាជ្ញាធរមូលដ្ឋាន បានដាក់គ្រឿងចក្រដើម្បីកាយភក់ និងសម្អាតផ្លូវថ្នល់ ដើម្បីសម្រួលដល់ប្រតិបត្តិការសង្គ្រោះ។ រដ្ឋបាលក្រុង Kendari ក៏បានប្រកាសដាក់តំបន់រងគ្រោះក្នុងស្ថានភាពអាសន្នរយៈពេលមួយសប្តាហ៍ ដើម្បីប្រមូលផ្តុំកម្លាំងសរុបក្នុងការជួយសង្គ្រោះពលរដ្ឋ និងស្តារស្ថានភាពឡើងវិញឱ្យបានឆាប់រហ័ស ។
 
ទន្ទឹមនឹងការទទួលបានជំនួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋបានទទូចឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាឫសគល់នៃទឹកជំនន់ ជាពិសេសការសាងសង់ទំនប់ការពារ និងការគ្រប់គ្រងទ្វារទឹកឱ្យមានប្រសិទ្ធភាព។ ការទាមទារនេះ ធ្វើឡើងក្នុងគោលបំណងបង្ការកុំឱ្យគ្រោះមហន្តរាយដដែលៗនេះកើតមានឡើងទៀត ដោយវាតែងតែបង្កការខូចខាតខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video