ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាង និងអភិវឌ្ឍធុរកិច្ចថ្មី (Startup) នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន

image

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដឹកនាំសម្របសម្រួលរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីជាឯកសារគោលមួយជួយតម្រង់ទិសក្នុងការកសាង និងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត។

 

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង-ស្ថាប័នពាក់ព័ន្ធ។

 

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈមោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។

 

«សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០» មានចក្ខុវិស័យធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងបរិយាបន្ន ដែលអាចពូនជ្រុំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុន ដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័សសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

“យុទ្ធសាស្រ្តជាតិ” នេះ មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មី ក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

 

“សេចក្តីព្រាងយុទ្ធសាស្ត្រ” នេះ ត្រូវបានរៀបចំឡើងដោយឆ្លងកាត់នូវការពិគ្រោះយោបល់ជាបន្តបន្ទាប់ ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍, ការសិក្សា និងសំយោគពីបទពិសោធន៍ និងម៉ូដែលអន្តរជាតិ, ការធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅបណ្តាប្រទេសមួយចំនួន ដែលមានការរីកចម្រើនផ្នែកធុរកិច្ចថ្មីទាំងក្នុងតំបន់ និងសកលលោក ដើម្បីធានាថា នៅពេលដែលសេចក្តីព្រាងនេះត្រូវបានដាក់ឱ្យអនុវត្ត, គ្រប់តួអង្គពាក់ព័ន្ធប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី អាចចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ បន្ទាប់ពីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលដើម្បីឲ្យកាន់តែគ្រប់ជ្រុងជ្រោយ, អង្គប្រជុំបានសម្រេចឱ្យបន្តនីតិវិធីស្នើសុំការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្ត «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» នេះ ជាផ្លូវការនាពេលខាងមុខ៕

 

អត្ថបទ៖ ចេង ឆហួត