កសិករដាំទុរេននៅម៉ាឡេស៊ី ប្រើប្រព័ន្ធផ្ទៀងផ្ទាត់តាមកូដ QR ដើម្បីទប់ស្កាត់ទុរេនក្លែងបន្លំ
ម៉ាឡេស៊ី៖ កសិករដាំទុរេននៅម៉ាឡេស៊ីកំពុងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់តាមរយៈកូដ QR ដើម្បីប្រឆាំងនឹងការបន្លំលក់ទុរេន ថាជាទុរេនមកពីតំបន់ប៉េណាំង (Penang)។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកទិញអាចដឹងពីប្រភពដើមនៃផ្លែទុរេននីមួយៗ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។
សមាគមកសិករផ្លែឈើ Penang បានចាប់ផ្តើមគំនិតផ្ដួចផ្ដើមផ្ទៀងផ្ទាត់តាមប្រព័ន្ធឌីជីថលនេះ ដើម្បីទប់ស្កាត់កុំឱ្យមានការយកទុរេនពីតាមបណ្ដារដ្ឋផ្សេងៗ ឬពីប្រទេសដទៃមកលក់បន្លំថាជាទុរេនរបស់ Penang ខណៈដែលតម្រូវការទុរេនលំដាប់ខ្ពស់របស់ម៉ាឡេស៊ីកំពុងហក់ឡើងខ្លាំងនៅលើទីផ្សារពិភពលោក។ ផ្លែទុរេននីមួយៗនឹងត្រូវបិទស្លាកកូដ QR នៅត្រង់ទង ហើយកសិករត្រូវចុះបញ្ជីព័ត៌មានលម្អិតនៃផ្លែនោះនៅលើប្រព័ន្ធអនឡាញ ។
ប្រធានសមាគម លោក គី គីម ហ្វា (Kie Kim Hwa) លើកឡើងថា អ្នកប្រើប្រាស់គ្រាន់តែប្រើកាមេរ៉ាទូរសព្ទស្កេនលើកូដនោះ នឹងទទួលបានព័ត៌មានភ្លាមៗអំពីប្រភពដើម និងការបញ្ជាក់ថាជាទំនិញសុទ្ធ។ កូដ QR នីមួយៗនឹងមានសុពលភាពរយៈពេល ៧ ថ្ងៃ ចាប់ពីការស្កេនលើកដំបូង។ លោកបន្ថែមថា មានក្រុមហ៊ុនបច្ចេកវិទ្យាមួយជួយគ្រប់គ្រងទិន្នន័យអនឡាញនេះ ដើម្បីតាមដាន និងផ្ដល់ដំណឹងអាសន្ន ប្រសិនបើរកឃើញថាមានការលួចចម្លងកូដ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក មហាម៉ាត់ សាប៊ូ (Mohamad Sabu) បានបង្ហាញការគាំទ្រចំពោះកិច្ចការនេះ ដោយលោកយល់ថាវាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាព។ លោកមានប្រសាសន៍ថា ទុរេនម៉ាឡេស៊ីល្បីខ្លាំងរហូតដល់មានប្រទេសខ្លះបន្លំលក់ទុរេនផ្សេងថាជាទុរេនរបស់ម៉ាឡេស៊ី។ លោកក៏មានគម្រោងពិភាក្សាជាមួយអាជ្ញាធរចិន ដើម្បីធានាថាទុរេនម៉ាឡេស៊ីដែលនាំចេញទៅទីនោះ នៅតែរក្សាបាននូវអត្តសញ្ញាណម៉ាកយីហោ និងមានប្រព័ន្ធផ្ទៀងផ្ទាត់ត្រឹមត្រូវ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Star & VN Express International | រូបភាព៖ (LIM BENG TATT/The Star)/ eVnExpress